Hazard ថា ខ្លួននឹងមិនដណ្ដើមស៊ុតបាល់ ១១ ម៉ែត្រពី Ramos ឡើយ ហើយក៏មិនគាបយកលេខ ១០ ពី Modric ដែរ

16884
  • កីឡាករ Eden Hazard បាននិយាយថា ខ្លួនរីករាយនឹងទុកឱកាសឱ្យប្រធានក្រុមកីឡាករ Sergio Ramos បន្តតួនាទីស៊ុតបាល់ពិន័យដដែល ហើយគេក៏បានលើកឡើងផងដែរថា គេក៏នឹងមិនអាចបញ្ចុះបញ្ចូលកីឡាករ Luka Modric ឱ្យយល់ព្រមផ្ទេរអាវលេខ ១០ ឱ្យមករូបគេនោះទេ ។

    សមាជិកក្រុមជម្រើសជាតិប៊ែលហ្ស៊ិករូបនេះបានផ្ទេរមកកាន់ក្លឹប Real Madrid ជាផ្លូវការកាលពីសប្ដាហ៍មុន បន្ទាប់ពីបានរួមរស់ជាមួយក្លឹបតោខៀវ Chelsea អស់រយៈពេល ៧ ឆ្នាំ ដែលនៅទីនោះគេធ្លាប់ល្បីឈ្មោះថា ជាកីឡាករដែលគួរឱ្យទុកចិត្តពេលដែលគេស៊ុតបាល់ពិន័យម្ដងៗ ។ យ៉ាងណាមិញ Ramos ក៏មិនអន់ដែរនៅពេលដែលគេត្រូវស្នងតួនាទីស៊ុតបាល់ពិន័យពីកីឡាករ Cristiano Ronaldo ។

    Hazard ដែលមានវ័យ ២៨ ឆ្នាំរូបនេះបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា៖ ” ខ្ញុំគិតថាប្រធានក្រុម (Ramos) ស៊ុតបាល់ពិន័យបានល្អហើយ ។ គាត់អាចបន្តតួនាទីនេះតទៅទៀត ហើយខ្ញុំគ្មានអ្វីគួរឱ្យសង្ស័យនោះទេថា គាត់នឹងធ្វើបានសម្រេចដូចរាល់ដងអញ្ចឹង ” ។

    Hazard បានក៏បានលើកឡើងផងដែរថា គេបានស្នើសុំពាក់លេខ ១០ ដែលបច្ចុប្បន្នជារបស់ម្ចាស់ពានរង្វាន់ពាន Ballon d’Or គឺកីឡាករ Luka Modric ។ គេបានស្នើសុំទៅ Modric តាមរយៈមិត្តរួមក្រុមជម្រើសជាតិក្រូអាតរបស់គេគឺកីឡាករ Mateo Kovacic ដែលបានលេងក្នុងកុងត្រាខ្ចីជើងនៅ Chelsea ពីក្លឹប Real Madrid បានកាលពីរដូវកាលមុន ។ យ៉ាងណាមិញនៅពេលបង្ហាញខ្លួនគេឃើញ Hazard ពាក់អាវដែលមានឈ្មោះរបស់គេនៅខាងក្រោយខ្នង ប៉ុន្តែមិនទាន់មានលេខនៅឡើយទេ ។

    Hazard បាននិយាយបន្តថា៖ ” ខ្ញុំបានទាក់ទងជាមួយកីឡាករ Modric តាមរយៈ Kovacs ដើម្បីស្នើសុំអាវលេខ ១០ ពីគេ ប៉ុន្តែគេបានបដិសេធ ។  ខ្ញុំត្រូវរកលេខមួយ ប៉ុន្តែខ្ញុំគិតថារឿងពាក់អាវលេខប៉ុន្មានមិនមែនជារឿងដែលសំខាន់បំផុតនោះទេ ។ រឿងដែលសំខាន់បំផុត គឺខ្ញុំត្រូវពាក់អាវរបស់ក្លិប Real Madrid និងត្រូវការពារក្លឹបមួយនេះឱ្យបាន ” ៕

    ដោយ៖ តារា

    ប្រភព :
    foxsports
    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី