មិត្តរួមជាតិជប៉ុនរបស់ Honda ម្នាក់ កំពុងត្រូវបាន Tottenham Hotspur តាមប្រមាញ់

21837
  • ក្លិប Tottenham Hotspur មិនបានចុះកុងត្រាទិញកីឡាករណាទេនៅរដូវកាលមុន ហើយការទិញចុងក្រោយរបស់គេគឺកីឡាករ Lucas Moura ពីក្លឹប PSG កាលពីខែមករា ឆ្នាំ ២០១៨ ។ ប៉ុន្តែនៅរដូវកាលថ្មីខាងមុខក្រុម Tottenham មានគម្រោងរួចហើយថា នឹងទិញកីឡាករមកបំពេញបន្ថែមគ្រប់ចន្លោះខ្វះខាតជាមួយនឹងការសន្យាផ្តល់ប្រាក់ចំណាយរបស់ម្ចាស់ក្លឹប ។

    ជាមួយគ្នានេះក្រុមមាន់ខ្នាយមាសក៏កំពុងតែចង់បានខ្សែការពារស្លាបដែលជាកីឡាករជប៉ុនរបស់ក្លឹបបារាំង Marseille គឺ ខ្សែការពារ Hiroki Sakai ដើម្បីមកពង្រឹងផ្នែកខាងក្រោមជាមួយនឹង Danny Rose និង Toby Alderweireld ។ យ៉ាងណាក៏ដោយក្រុម Spurs ពេលនេះក៏មិនទាន់ច្បាស់ជាមួយនឹងកីឡាកររូបនេះឡើយ ដោយសារតែភាពចម្រូងចម្រាស់នៃវ័យរបស់កីឡាករក្រុមជម្រើសជាតិជប៉ុនរូបនេះ ។

    Hiroki Sakai មានអាយុ ២៩ ឆ្នាំហើយនៅឆ្នាំនេះ ។ ទោះបីជាគេមានសមត្ថភាពគួរឱ្យចាប់អារម្មណ៍នៅតំបន់ការពារស្លាប ប៉ុន្តែវ័យនេះគឺមិនស្របទៅនឹងគោលការណ៍របស់លោក Mauricio Pochettino ដែលជាគ្រូបង្វឹកក្រុម Tottenham ដែលចង់បានកីឡាករមានអាយុក្រោម ២៣ ឆ្នាំយកមកបណ្តុះបណ្តាលនោះទេ ។ ក្រុមមាន់ខ្នាយមាសយ៉ាងណាក៏ដោយក៏នៅតែមានភាគរយច្រើនក្នុងការទិញកីឡាកររូបនេះដែរ ព្រោះគេមិនចាំបាច់ត្រូវចំណាយច្រើនទេ ប៉ុន្តែគេអាចមានប្រយោជន៍ច្រើនសម្រាប់ក្រុមមាន់ខ្នាយមាស ។

    សូមបញ្ជាក់ថា Hiroki Sakai គឺជាថ្នាលយុវជននៃក្លឹប Kashiwa Reysol ក្នុងប្រទេសជប៉ុន ។ ហើយគាត់បានផ្លាស់មកលេងនៅអាល្លឺម៉ង់ជាមួយក្រុម Hannover 96 កាលពីឆ្នាំ ២០១២ មុននឹងត្រូវបន្តទៅលេងក្នុងក្លឹប Marseille នៅប្រទេសបារាំង តាំងពីឆ្នាំ ២០១៦ ។ ជាមួយក្រុម Marseille គាត់បង្ហាញខ្លួនបាន ៩៤ ដង និង ធ្លាប់ស៊ុតបញ្ចូលទីបាន ២ គ្រាប់ផងដែរក្នុងនាមជាខ្សែការពារ ៕

    ដោយ៖ តារា

    ប្រភព :
    foxsports
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី