
ក្លឹបបាល់ទាត់ PSG បានឈានទៅកាន់វគ្គ ៨ក្រុមចុងក្រោយពានរង្វាន់ Coupe de France របស់បារាំង បន្ទាប់ពីលត់ក្រុម Sochaux មកពីលីគលំដាប់ទីពីរបារាំង ដោយលទ្ធផល ៤-១ កាលពីយប់មិញ។ ក្នុងការប្រកួតនេះ គេសង្កេតឃើញរឿងដ៏គួរឲ្យចាប់អារម្មណ៍ពីរ លើកីឡាករ Angel di Maria និង Dani Alves ។
ក្នុងចំណោម ៤ ក្រុមរបស់ PSG ខ្សែបម្រើ Di Maria រកបានហែតទ្រីក នៅនាទី១, ៥៨ និង ៦២ ។ Di Maria មិនធ្លាប់រកបាន ៣គ្រាប់ក្នុងមួយប្រកួតឡើយ ក្រោយពីរូបគេចាកចេញពីក្លឹប Benfica កាលពីឆ្នាំ២០១០។ គ្រាប់បាល់យប់មិញ បានធ្វើឲ្យកីឡាករសញ្ជាតិអាហ្សង់ទីនដដែល ធ្វើបាន ៩គ្រាប់ និង ៦ Assist ក្នុង ១០ប្រកួតនៅ PSG ចាប់ពីថ្ងៃទី១មករា ឆ្នាំ២០១៨ មក ហើយក៏ជាអ្នករួមចំណែកជាច្រើនក្នុងការរកគ្រាប់បាល់របស់ PSG ក្នុងឆ្នាំដដែល។
មួយវិញទៀត គឺខ្សែការពារ Dani Alves ត្រូវបានដើរតួនាទីជាអ្នកចាំទីជំនួសកីឡាករ Kevin Trapp ដែលត្រូវអាជ្ញាកណ្ដាលផ្តល់កាតក្រហម នៅចុងម៉ោងនាទី៩០ នៅពេលដែល PSG បានប្ដូរកីឡាករ ៣រូបរួចទៅហើយ។ សំណាងល្អ ក្នុងពេល Alves ចូលចាប់ កីឡាកររបស់ Sochaux បានស៊ុតហ្វ្រីឃីកទៅប៉ះរបាំង មុនអាជ្ញាកណ្ដាលក៏ផ្លុំកញ្ចែបញ្ចប់ការប្រកួត៕