
ពាក្យថា «Best Friend»មួយម៉ាត់ មិនមែនអ្នកណាក៏អាចរកបានមិត្តសម្លាញ់ មិត្តយល់ចិត្ត យល់ថ្លើម ហើយគ្រាន់តែមើលទឹកមុខគ្នា ក៏អាចយល់ពីបំណងគ្នាថា យើងកំពុងគិតពីអ្វីនោះដែរ ប៉ុន្ដែក៏ព្រោះពួកគេមានចំណុចដូច ឬ ស្រដៀងៗគ្នាច្រើន ទើបអាចឈានដល់ចំណុចមិត្តសម្លាញ់បាន ។ សម្រាប់តារាថៃនាង យ៉ាយ៉ា និង គីម ប៊ីលី វិញ តើពួកគេទាំងពីរមានចំណុចស្រដៀងគ្នាអ្វីខ្លះទើបអាចក្លាយជា Best Friend គ្នាជិត ១០ ឆ្នាំបាននោះ?
តារាថៃដ៏ល្បី យ៉ាយ៉ា បានចុះកុងត្រាជាមួយប៉ុស្ដិ៍ទូរទស្សន៍លេខ ៣ មុន គីម ប៊ីលី មួយឆ្នាំ បន្ទាប់មកពួកគេបានក្លាយជាមិត្តសម្លាញ់នឹងគ្នា ចាប់តាំងពីពួកគេសំដែងខ្សែភាពយន្តរួមគ្នាមកនោះ ហើយយ៉ាយ៉ា តែងតែគាំទ្រ លើកទឹកចិត្ត គីម ប៊ីលី ជានិច្ច រាល់ពេលដែលនាងជួបបញ្ហា ។ តារាថៃពីរដួងនេះ សុទ្ធតែជាកូនកាត់ថៃ-អឺរ៉ុបដូចគ្នា គ្រាន់តែ គីម កើត និង រស់នៅប្រទេសអាឡឺម៉ង់ កាលពីនាងនៅក្មេង ក្រោយមកទើបនាងប្ដូរមករស់នៅប្រទេសថៃវិញ ។
ចំណុចពិសេសមួយទៀត ដែលមិត្តសម្លាញ់ពីររូបនេះមានរឿងស្រដៀងគ្នានោះគឺ ពួកគេទាំងពីរសុទ្ធតែបានជួបស្នេហ៍ពិតនៅកន្លែងថតកុនដូចគ្នា ។ គីម បានចាប់ផ្ដើមណាត់ជួបទាក់ទងស្នេហាជាមួយ ម៉ាក ព្រីន ស្របពេលដែល យ៉ាយ៉ា និង ណៈដេត ក្លាយជាគូស្នេហ៍នឹងគ្នាមួយរយៈ ។ ក្រៅពីមានស្នេហាជាមួយបុរសស្ថិតក្នុងចង្កោមសិល្បៈដូចគ្នា តារាស្រីពីរដួងនេះ ក៏ទទួលបានភាពល្បីល្បាញ មានអ្នកគាំទ្រច្រើនផុសផុល មិនថាក្នុង ឬ ក្រៅប្រទេសឡើយ ទាំងដែលពួកគេមានអាយុមិនទាន់គ្រប់ ៣០ ឆ្នាំផង ៕
ដោយ៖ សុខះ