គ្រូបឹងកេត៖ CV11 នឹងក្លាយជា Top Scorer នៅលីគកំពូលកម្ពុជារដូវកាលនេះ ទោះបង្ហាញខ្លួនត្រឹមជើងទី២ ក៏ដោយ

22028

គ្រូបង្វឹកបឹងកេត លោក ហៅ សុជាតិ បានបង្ហាញសុទិដ្ឋិនិយមខ្ពស់ថា វត្តមានរបស់ ចាន់ វឌ្ឍនាកា នឹងធ្វើឱ្យស្ថានភាពតំបន់បម្រើ និង ប្រយុទ្ធរបស់ក្រុមខ្លួនកាន់តែរឹងមាំជាងជើងទី១ ហើយលើកឡើងទៀតថា កូនក្រុមរូបនេះអាចនឹងក្លាយជា Top Scorer ក្នុងចំណោមកីឡាករខ្មែរ សម្រាប់ពានរង្វាន់ Metfone Cambodian League រដូវកាល ២០១៩ នេះ ។

លោក ហៅ សុជាតិ បាននិយាយថា៖ ” ខ្ញុំមិនហ៊ានអះអាងថា គាត់អាចក្លាយជា Top Scorer នៅលីគកំពូលបានទេ ប៉ុន្តែខ្ញុំអាចសន្និដ្ឋានបានថា គាត់នឹងអាចក្លាយជាកីឡាករខ្មែរដែលរកបានគ្រាប់បាល់បញ្ចូលទីបានច្រើនជាងគេក្នុងរដូវកាលឆ្នាំ ២០១៩ នេះ ។ ប៉ុន្តែអ្វីទាំងអស់នេះសុទ្ធតែជាការប៉ាន់ស្មានទេ ព្រោះការរកគ្រាប់បាល់ត្រូវពឹងផ្អែកលើកត្តារួមផ្សំជាច្រើនពុំមែនតែសាមីកីឡាករម្នាក់ឯងនោះទេ ” ។

លោក ហៅ សុជាតិ បន្តទៀតថា លោករំពឹងបែបនេះព្រោះមើលឃើញពីការប្រឹងប្រែងរបស់ ចាន់ វឌ្ឍនាកា ក្នុងការចូលរួមហ្វឹកហាត់នាពេលកន្លងមកនេះ ។ លោកបន្ថែមថា បទពិសោធពីលីគកំពូលម៉ាឡេស៊ី ដែលមានកម្រិតខ្ពស់ជាងលីគក្នុងស្រុករបស់ វឌ្ឍនាកា បូកផ្សំ និង ឆន្ទៈមោះមុតរបស់គេនឹងក្លាយជាកម្លាំងសំខាន់មួយជួយក្រុមប្រជែងជើងឯករដូវកាលនេះ ។

សូមរំលឹកផងថា ខ្សែប្រយុទ្ធឆ្នើមប្រើជើងឆ្វេង ដែលគេឱ្យរហ័សនាមថា កុមារមាសកម្ពុជា រូបនេះបានត្រឡប់មកចូលរួមជាមួយក្លឹប បឹងកេត ជាលើកទី៣ កាលពីដើមខែនេះក្នុងកិច្ចសន្យារយៈពេល ៣ ឆ្នាំ ក្រោយចែកផ្លូវគ្នាជាមួយក្លិបនៃលីគកំពូលម៉ាឡេស៊ី PKNS FC ត្រឹមពាក់កណ្ដាលរដូវកាលឆ្នាំ ២០១៩ នេះ​ ៕

ដោយ៖ តារា

ប្រភព :
CNCC
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី