អភិបាលរងខេត្តកែប៖ យើងស្វាគមន៍ជានិច្ចសម្រាប់កិច្ចសហការបង្កើតព្រឹត្តិការណ៍កីឡា លើទឹកដីរបស់ខ្លួន

12590

អភិបាលរងខេត្តកែប ឯកឧត្តម សំ ពិសិដ្ឋ អះអាងថា ខេត្តតំបន់ឆ្នេរដ៏មានសក្តានុពលលើវិស័យទេចរណ៍មួយនេះ ស្វាគមន៍ កិច្ចសហការបង្កើតព្រឹត្តិការណ៍កីឡា លើទឹកដីរបស់ខ្លួន ការថ្លែងបែបធ្វើឡើងក្នុងពិធីចែករង្វាន់ ដល់កីឡាករ កីឡាការិនីប្រណាំងកង់ភ្នំ សេរី ឆ្នាំ ២០១៩ ជុំទី២ នៅខេត្តកែប ។

ឯកឧត្តម សំ ពិសិដ្ឋ បានចាត់ទុកចលនាបំផុសកីឡានៅលើទឹកដីរបស់ខ្លួន ជាការរួមចំណែកជម្រុញអភិវឌ្ឍន៍សមត្ថភាពអត្តពលកីឡារបស់កម្ពុជាឆ្ពោះ ទៅប្រជែងប្រកបដោយគុណភាព នៅស៊ីហ្គេម ឆ្នាំ ២០២៣ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ ខណៈដែលខេត្តកែប ក៍បានត្រៀមខ្លួនបានយ៉ាងល្អ សម្រាប់ទទួលការរៀបចំកន្លែងប្រកួតកីឡា ទ្រីអាត្លុន នៅឆ្នាំ ២០២៣ ផងដែរ ។ អភិបាលរងខេត្តរូបនេះ បន្តថា សម្រាប់កិច្ចសហការក្នុងការគាំទ្រពីខេត្តកែប ដូចជាព្រឹត្តិការប្រណាំងកង់ភ្នំនេះជាដើម គឺខេត្តបានដុតដៃដុលជើងរៀបចំការពារសន្តិសុខសណ្តាប់ធ្នាប់ និង អនាម័យបរិស្ថានធ្វើអោយការប្រកួតបញ្ចប់ទៅដោយជោគជ័យ ។
លោក ព្យែ អ៊ីវការទ្រី អគ្គលេខាធិការរងសហព័ន្ធខ្មែរកីឡាទោចក្រយានកម្ពុជា បានលើកឡើងថា ការប្រកួត Mountain Biking Series ឆ្នាំ ២០១៩ ជុំទី២ នេះ កីឡាករ កីឡាការិនីចូលរួមសរុប ១៥០ នាក់ ប្រហាក់ប្រហែលជុំទី១ ដែរ ហើយសម្រាប់ផ្លូវប្រកួត គឺមានស្ថានភាពលំបាក់ជាង នៅរាជធានីភ្នំពេញ ព្រោះការប្រកួតត្រូវធ្វើនៅនឹងភ្នំផ្ទាល់ ដោយកីឡាករការិនីម្នាក់ៗ ត្រូវជិះដោយបច្ចេកទេសខ្ពស់ទើបទទួលបានលទ្ធផលល្អ ។

ដៅយឡែក លោក ឧកញ៉ា វង្ស ខាន់ពៅ អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាទោចក្រយានកម្ពុជា បានចាត់ទុកព្រឹត្តិការណ៍ប្រកួតនេះ ដើម្បីស្វែងរកធនធានឆ្នើម លើវិស័យកង់ភ្នំ យកមកបណ្តុះបណ្តាលត្រៀមស៊ីហ្គេម និង ការប្រកួតធំនៅលើឆាកអន្តរជាតិ ។ អគ្គលេខាធិការរូបនេះ បានថ្លែងអំណរគុណដល់ក្រុមហ៊ុនទឹកបរិសុទ្ធវិតាល់ ដែលបានជួយឧបត្ថម្ភធំ ក្នុងការរៀបចំប្រណាំងកង់ភ្នំ ទាំង ៥ ដំណាក់កាលក្នុងឆ្នាំ ២០១៩ នេះ ។ លោក អគ្គលេខាធិការ បានចាត់ទុកការជួយជ្រុំជ្រែង ពីវីតាល់នេះ គឺជាការចូលរួមចំណែកយ៉ាងធំធេងសម្រាប់ការអភិវឌ្ឍន៍ និងបំផុសវិស័យប្រណាំងកង់ភ្នំនៅកម្ពុជា អោយមានការរីកចំរើន និង មានសក្តានុពល ឈានទៅដណ្តើមមេដាយជូនកម្ពុជា ពីការប្រកួតលើឆាកអន្តរជាតិនាពេលខាងមុខ ។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតប្រណាំងកង់ភ្នំដែលប្រសិទ្ធិនាមថា Mountain Biking Series ឆ្នាំ ២០១៩ មានចំនួន ៥ ដំណាក់កាល ដោយដំណាក់កាលទី១ បានធ្វើនៅទីលានព្រែកលៀប និងដំណាក់កាលទី២ ធ្វើនៅខេត្តកែប ដំណាក់កាលទី៣ ធ្វើនៅភ្នំជៀល ខេត្តកំពង់ស្ពឺ ថ្ងៃទី ២១ ខែសីហា ដំណាក់កាលទី៤ ធ្វើនៅភ្នំប្រសិទ្ធិ ខេត្តកណ្តាល ថ្ងៃទី ៣ ខែវិច្ឆិកា និងដំណាក់កាលទី៥ ដែលជាជុំចុងក្រោយ ធ្វើនៅ ភ្នំគិរីរម្យ ថ្ងៃទី ១៥ ខែ ១២ ឆ្នាំ ២០១៩ ៕

ដោយ៖ តារា

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី