Man Utd នឹងដំឡើងប្រាក់ខែឱ្យ Pogba ច្រើនដាច់គេនៅអង់គ្លេសដើម្បីបញ្ចប់ក្ដីសង្ឃឹម Juve និង R.Madrid

6593

តាមការចុះផ្សាយរបស់សារព័ត៌មានដ៏ល្បី Daily Mail បានឱ្យដឹងថា ក្លឹបបិសាចក្រហម Manchester United នឹងតម្លើងប្រាក់ខែដល់កីឡាករ Paul Pogba រហូតដល់ ៥០ ម៉ឺនផោនក្នុងមួយសប្តាហ៍ ដើម្បីលួងចិត្តខ្សែបម្រើរូបនេះឱ្យបន្តនៅទឹកដី Old Trafford ។

ដំណឹងនេះលេចឭឡើងបន្ទាប់ពីក្លឹប Real Madrid ពិតជាមានឆន្ទៈខ្ពស់ក្នុងការនាំ Pogba ទៅកាន់ប្រទេសអេស្ប៉ាញដោយហ៊ានដេញថ្លៃឱ្យក្លឹប Man United ក្នុងទឹកប្រាក់ផ្ទេរ ៩០ លានផោន ។ ហើយដំណឹងនេះក៏ត្រូវផ្សព្វផ្សាយឡើងបន្ទាប់ពី Paul Pogba បាននិយាយដោយផ្ទាល់មាត់ថា៖ ” រួមរស់ជាមួយ Man Utd បាន ៣ ឆ្នាំហើយ ដូច្នេះគេចង់បានការប្រកួតប្រជែងថ្មី ” ។

មិនត្រឹមតែក្រុម Real Madrid ទេដែលនៅតែចង់បាន Pogba សូម្បីតែក្លឹបចាស់របស់គេគឺក្លិប Juventus ក៏បានបង្ហើបពីចង់បានខ្សែបម្រើសញ្ជាតិបារាំងរូបនេះត្រលប់ទៅវិញផងដែរ ។ ប៉ុន្តែបើតាមសម្តីចុងក្រោយរបស់ Pogba បែបនេះគឺគេប្រហែលជាមិនចង់ត្រលប់ទៅកាន់ក្លឹប Juventus វិញនោះទេ ។

សូមបញ្ជាក់ថា Pogba ត្រូវបានក្លឹបបីសាចក្រហម Manchester United ទិញមកពីក្លឹបសេះបង្កង់ Juventus វិញកាលពីឆ្នាំ ២០១៦ ក្នុងតម្លៃខ្លួន ៨៩ លានផោន ដោយផ្តល់ប្រាក់បៀរវត្សដល់ទៅ ២៩ ម៉ឺនផោនក្នុងមួយសប្តាហ៍ដល់រូបគេ ។ ហើយប្រសិនបើពេលនេះ Pogba ឡើងបៀរវត្សដល់ ៥០ ម៉ឺនផោនក្នុងមួយសប្តាហ៍នោះ គេនឹងក្លាយជាកីឡាករដែលមានប្រាក់ខែខ្ពស់ជាងគេបំផុតនៅក្នុងក្លឹបក៏ដូចជាក្នុងក្របខណ្ឌ Premier League បានទាំងមូលផងដែរ ។ ខណះពេលនេះ Pogba នៅសល់កុងត្រារយៈពេល ២ ឆ្នាំទៀតជាមួយ Man Utd ប៉ុន្តែក្លឹបក៏អាចបន្ថែមកុងត្រាថែមរយះពេល ១២ ខែទៀតផងដែរ ៕

ដោយ៖ តារា

ប្រភព :
foxsports
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី