ប៉ុន្មានឆ្នាំទៀតប៉ុណ្ណោះ ឥណ្ឌា នឹងវ៉ាដាច់ចិន ក្លាយជាប្រទេសដែលមានប្រជាជនច្រើនបំផុតក្នុងលោក

36640
  • អង្គការសហប្រជាជាតិ (UN) បានព្យាករណ៍ថា ប្រទេសឥណ្ឌា នឹងវ៉ាដាច់ប្រទេសចិន ដើម្បីក្លាយជាប្រទេសមានប្រជាជនច្រើនជាងគេបំផុតនៅលើពិភពលោកនៅឆ្នាំ ២០២៧ ខាងមុខនេះ ខណៈប្រជាជននៅលើពិភពលោកទាំងមូលនឹងកើនដល់ ៩.៧ ពាន់លាននាក់នៅឆ្នាំ ២០៥០ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNN ។

    ប្រជាជនឥណ្ឌា

    មហាយក្សចិន និង ឥណ្ឌា មានប្រជាជនសរុបស្មើនឹង ៣៧ ភាគរយនៃអត្រាប្រជាជនពិភពលោកដែលបច្ចុប្បន្នមានចំនួន ៧,៧ ពាន់លាននាក់ក្នុងនោះចិនមានជាង ១,៤ ពាន់លាននាក់ ឯឥណ្ឌា មានជាង ១,៣ ពាន់លាននាក់ (តួលេខឆ្នាំ ២០១៨) ។  ប៉ុន្តែបើតាមរបាយការណ៍មានចំណងជើងថា ទស្សនវិស័យប្រជាជនពិភពលោកឆ្នាំ ២០១៩ របស់អង្គការសហប្រជាជាតិដែលបានចេញបានឱ្យដឹងថា នៅត្រឹមឆ្នាំ ២០២៧ ឥណ្ឌានឹងយកឈ្នះចិនក្លាយជាប្រទេសមានប្រជាជនច្រើនជាងគេបំផុតនៅលើពិភពលោក ។ លើសពីនេះទៅទៀតនៅចន្លោះឆ្នាំ ២០១៩ និងឆ្នាំ ២០៥០ ប្រជាជននៅក្នុងប្រទេស ឬ តំបន់ចំនួន ៥៥ នឹងមានការធ្លាក់ចុះយ៉ាងតិចណាស់ ១ ភាគរយ ដោយសារតែកម្រិតជីវភាពទាប និង ការកើនឡើងនៃការធ្វើចំណាកស្រុកជាដើម ។ របាយការណ៍ដដែលបានបញ្ជាក់ទៀតថា ប្រជាជនចិននឹងធ្លាក់ចុះ ២,២ ភាគរយ ហើយដែលនេះនឹងអាចធ្វើឱ្យប្រជាជនចិនធ្លាក់មកនៅត្រឹម ១,១ ពាន់លាននាក់ ខណៈឥណ្ឌានឹងកើនឡើងដល់ ១,៥ ពាន់លាននាក់ទៅវិញ ។

    ប្រជាជនចិន

    សូមបញ្ជាក់ផងដែរថា បើយោងតាមរបាយការណ៍អំពីទស្សនវិស័យប្រជាជនពិភពលោកឆ្នាំ ២០១៩ របស់អង្គការសហប្រជាជាតិទោះបីតំបន់ ឬ ប្រទេសខ្លះមានចំនួនប្រជាជនធ្លាក់ចុះក៏ដោយ ប៉ុន្តែប្រជាជនពិភពលោកទាំងមូលដែលបច្ចុប្បន្នមានចំនួន ៧,៧ ពាន់លាននាក់ អាចនឹងកើនដល់ ៩,៧ ពាន់លាននាក់នៅឆ្នាំ ២០៥០ ៕

    ដោយ៖ សំណាង

    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី