នាយកវិទ្យាល័យសិលាមាស ចាត់ទុកការឈ្នះមេដាយសំរិទ្ធជាបទពិសោធន៍ជម្រុញការហ្វឹកហាត់បន្ថែមដើម្បីដណ្តើមមេដាយមាស

47779
  • ក្រុមបាល់ទះនារីវិទ្យាល័យសិលាមាស ដែលប្រកួតតំណាងឲ្យរាជធានីភ្នំពេញ ដណ្តើមបាន មេដាយសំរិទ្ធ ក្រោយយកឈ្នះក្រុមនារីខេត្តឧត្តមានជ័យ ក្នុងព្រឹត្តិការណ៍កីឡាសិស្សថ្នាក់ជាតិ លើកទី១ ខណៈក្រុមបាល់ទះនារីខេត្តពោធិ៍សាត់ ឈ្នះជើងឯក បន្ទាប់ពីយកឈ្នះ ក្រុមបាល់ទះនារីខេត្តកំពង់ធំ នៅវគ្គផ្តាច់ព្រ័ត្រ នៅថ្ងៃអង្គារនេះ ។

    លោក ម៉ុន សុខជា នាយកវិទ្យាល័យសិលាមាស បានលើកឡើងថា ការប្រជែងបានលេខ៣ ពីការប្រកួតកីឡាសិស្សថ្នាក់ជាតិនេះ គឺជាការរីកចំរើនថ្មីមួយទៀត របស់ក្រុមបាល់ទះនារីវិទ្យាល័យសិលាមាស ព្រោវាជាការប្រកួតប្រជែងកម្រឹតខ្ពស់ ដោយក្រុមមកចូលរួមប្រកួតសុទ្ធសឹងជាក្រុមខ្លាំងជម្រើសប្រចាំខេត្ត និងរាជធានី ។ លោក ចាត់ទុកថា ការប្រជែងលើកនេះ ជាបទពិសោធន៍ដ៏ល្អជម្រុញឲ្យក្រុម នារីរបស់លោក ខិតខំបង្កើនការហ្វឹកហាត់បន្ថែមទៀត ដើម្បីឈ្នះពាននាឆ្នាំក្រោយៗទៀត ។
    កីឡាការិនី អ៊ុ ស្រីណាត តំណាងក្រុមបានបង្ហាញចំណាប់អារម្មណ៍ថា ចំណាត់ថ្នាក់លេខ៣ ដែលក្រុមរបស់នាងប្រជែងបានពីការប្រកួតនេះ គឺទទួលយកបាន ដោយសារសមត្ថភាពក្រុម នៅមានកម្រឹត ។ ប៉ុន្តែនាង បានប្តេជ្ញាថា និងខិតខំបន្ថែមទៀត ដើម្បីដណ្តើមមេដាយមាសអោយបាន នៅការប្រកួតកីឡាសិស្សថ្នាក់ជាតិ លើកទី២ ។

    តាមការបញ្ជាក់ពី លោក បឹង គឹមតោ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា បានឱ្យដឹងថា ព្រឹត្តិការណ៍កីឡាសិស្សថ្នាក់ជាតិ លើកទី១នេះ សម្រាប់ប្រភេទកីឡាបាល់ទះមាន ៤៨ ក្រុម ក្នុងនោះក្រុមបុរសមាន ២៥ ក្រុម និងក្រុមនារីមានចំនួន ២៣ ក្រុម ជាលទ្ធផលផ្នែកបុរស លេខ១ បានទៅលើក្រុមបាល់ទះខេត្តពោធិ៍សាត់ លេខ២ រាជធានីភ្នំពេញ និងលេខ៣ ក្រុមខេត្តកណ្តាល ។ រីឯផ្នែកនារី លេខ១ ក្រុមបាល់ទះនារីខេត្តពោធិ៍សាត់ លេខ២ ក្រុមខេត្តកំពង់ធំ និងលេខ៣ ក្រុមរាជធានីភ្នំពេញ ៕

    ដោយ៖ តារា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី