
កាលពីខែ ឧសភា កន្លងមកនេះ ប្រិយមិត្តមិនតិចទេ ដែលមានការភ្ញាក់ផ្អើលនឹងព័ត៌មានថា តារាចម្រៀងកូរ៉េ នាង Hara បានប៉ុនប៉ងធ្វើអត្តឃាត ។ ការប៉ុនប៉ងធ្វើអត្តឃាតរបស់នាង បានកើតឡើងដោយសារតែនាងកំពុងប្រឈមមុខនឹងជំងឺបាក់ទឹកចិត្តយ៉ាងធ្ងន់ធ្ងរ តែដោយសំណាងល្អ ការធ្វើអត្តឃាតរបស់នាងមិនបានសម្រេចឡើយ ។
ស្រាប់តែកាលពីព្រឹកថ្ងៃទី ១៧ ខែមថុនា នេះ នាងបានបង្ហោះរូបថតពីរសន្លឹកក្នុងគណនី Instagram របស់នាង។ នៅក្នុងរូបថតទាំងពីរសន្លឹកនោះ គេអាចសង្កេតដឹងថា នាង Hara មានសភាពគ្រាន់បើជាងមុនឆ្ងាយ ពីព្រោះបើមើលតាមរូបថត នាងមានស្បែកស្រស់ថ្លា ភ្ជាប់ជាមួយស្នាមញញឹមដ៏ស្រស់ស្អាត។ លើសពីនេះទៅទៀត ប្រិយមិត្តជាច្រើនបានចូលទៅ Like និង comment លើកទឹកចិត្តនាង និង បង្ហាញក្តីស្រឡាញ់របស់ពួកគេទៅកាន់នាងបន្ថែមផងដែរ ។
គួរបញ្ជាក់ផងដែរថា៖ នាង Goo Haraបានបង្ហាញខ្លួនជាលើកដំបូងក្នុងនាមជាសមាជិកនៃ ក្រុម Kara របស់ប្រទេសកូរ៉េខាងត្បូងនាឆ្នាំ ២០០៧ តែជាអកុសល ក្រុមKara បានចែកផ្លូវគ្នាជាផ្លូវការ កាលពីឆ្នាំ២០១៦ ដែលរឿងនេះក៏ជាចំណែកមួយធ្វើឱ្យនាង Hara កើតជំងឺបាក់ទឹកចិត្តផងដែរ ៕
ដោយ៖ សុខះ