តា Perez ដកចិត្តឈប់ចង់បាន Ronaldo ថ្មី ខណះ AT ត្រៀមលុយ ១២០ លានអឺរូយកមកជំនួស Griezmann

10852

Joao Felix គឺជាកីឡាករម្នាក់ក្នុងចំណោមខ្សែប្រយុទ្ធ ដែលលោក Florentino Perez បានដកចិត្តឈប់នាំយកទៅកាន់កីឡដ្ឋាន Santiago Bernabeu នារដូវក្ដៅនេះ ។ ហើយបើយោងតាមរបាយការណ៍ចុងក្រោយបំផុតបានឱ្យដឹងថា កីឡាករសញ្ជាតិព័រទុយហ្គាល់រូបនេះនឹងចូលរួមជាមួយក្លឹប Atletico Madrid នៅរដូវកាលក្រោយ ខណៈដែលក្រុមរបស់លោក Diego Simeone បានត្រៀមខ្លួនរួចជាស្រេចក្នុងការចំណាយប្រាក់ចំនួន ១២០ លានផោន ។

ប្រធានក្លឹប Real Madrid រូបនេះក៏ធ្លាប់បានធ្វើការផ្តល់ជូនចំនួន ៨០ លានអឺរ៉ូបូកបន្ថែម ៥០ លានអឺរ៉ូ ផងដែរ ប៉ុន្តែត្រូវបានក្លឹប Benfica ច្រានចោល ដោយពួកគេចង់បានថ្លៃដើមចំនួន ១២០ លានអឺរ៉ូតែម្ដង  ខណះគូប្រកួតប្រជែងប្រចាំទីក្រុងម៉ាឌ្រីដរបស់ពួកគេក៏បានធ្វើការផ្តល់ជូនតម្លៃថ្លៃជាងនេះផងដែរ ។ Felix និងអ្នកតំណាងរបស់គាត់មានការពេញចិត្តជាមួយនឹងការផ្លាស់ទៅកាន់ក្រុម Atletico Madrid ហើយវាហាក់ដូចជាការផ្ទេរនេះគឺជៀសមិនរួចឡើយ ។

ទោះបីជាយ៉ាងណាក៏ដោយប្រភពផ្សេងទៀតបានបង្ហាញថា  Ronaldo ទី២ រូបនេះ អាចជ្រើសរើសយកស្នាក់នៅ Benfica យ៉ាងហោចណាស់មួយរដូវកាលទៀត ។ នៅក្នុងបទសម្ភាសន៍ថ្មីៗនេះជាមួយគេហទំព័ររបស់ក្លឹបផ្ទាល់ Felix បានសារភាពថា ខ្លួនមានទំនាក់ទំនងពិសេសជាមួយ Benfica និងអ្នកគាំទ្រ ។ កីឡាកររូបនេះបាននិយាយថា៖ ” ខ្ញុំគិតថាពេលវេលានឹងប្រាប់ ខ្ញុំល្អនៅទីនេះ ខ្ញុំរីករាយណាស់ ខ្ញុំចូលចិត្តក្លឹប ខ្ញុំស្រឡាញ់អ្នកគាំទ្រទាំងនេះ ដែលស្រឡាញ់ខ្ញុំ ខ្ញុំចង់រីករាយជាមួយពេលលេងបាល់ និងមានភាពសប្បាយរីករាយធ្វើនូវអ្វីដែលខ្ញុំចូលចិត្ត ហើយបន្ទាប់មកនៅពេលខាងមុខអ្វីៗនឹងកើតឡើងតាមធម្មជាតិ ហើយខ្ញុំពិតជារីករាយណាស់នៅលើ Benfica ” ។

សូមរំលឹកផងដែរថា Joao Felix ចាប់ផ្ដើមល្បីឈ្មោះខ្លាំងនារដូវកាល ២០១៨/២០១៩ កន្លងទៅនេះ ក្រោយពីគេស៊ុតបញ្ចូលទីបានចំនួន ១៩ គ្រាប់ និងត្រូវបានគេយកទៅប្រដូចជាមួយកំពូលខ្សែប្រយុទ្ធ Cristiano Ronaldo កាលពីនៅវ័យក្មេង បន្ទាប់ពី Felix បង្ហាញទម្រង់លេង និងបច្ចេកទេសលេងស្ទើរតែដូចគ្នាជាមួយអតីតខ្សែប្រយុទ្ធ Real Madrid រូបនេះ ៕

ដោយ៖តារា

ប្រភព :
Tribuna
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី