Apple ព្រមានរដ្ឋាភិបាលអាមេរិកថា ការដំឡើងពន្ធលើទំនិញចិននឹងធ្វើឲ្យការលក់ទូរស័ព្ទ iPhone កាន់តែធ្លាក់ចុះ

11517

ក្រុមហ៊ុន Apple បានធ្វើការព្រមានអំពីបញ្ហាដែលកើតចេញពីការដំឡើងពន្ធដោយរដ្ឋាភិបាលអាមេរិក ទៅលើទំនិញនាំចូលពីប្រទេសចិន ដោយ Apple អះអាងថា វានឹងធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ការប្រកួតប្រជែងផលិតផល iPhone នៅលើទីផ្សារ ។

នៅក្នុងឯកសារមួយផ្ញើទៅកាន់តំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក ក្រុមហ៊ុន Apple បានធ្វើការគូសបញ្ជាក់ថា គំរោងដំឡើងពន្ធបន្ថែមរបស់លោក ដូណាល់ ត្រាំ នឹងធ្វើឲ្យការប្រកួតប្រជែងរបស់ Apple រងផលប៉ះពាល់ខ្លាំង ព្រមទាំងធ្វើឲ្យការបង់ពន្ធ  និង ការវិនិយោគរបស់ក្រុមហ៊ុននេះទៅក្នុងសេដ្ឋកិច្ចអាមេរិក មានការធ្លាក់ចុះយ៉ាងគំហុកផងដែរ ។ ការបញ្ជូនលិខិត និង ឯកសារនានារបស់ Apple ទៅកាន់រដ្ឋាភិបាលអាមេរិកខាងលើនេះ គឺ Apple ចង់បង្ហាញអំពីក្តីកង្វល់ និង ការគណនាអំពីផលប៉ះពាល់ដោយផ្ទាល់មកលើ Apple តាមរយៈការគ្រោងដំឡើងពន្ធ ២៥% ដោយរដ្ឋបាលលោក ត្រាំ ទៅលើទំនិញចិន ដែលនឹងមានទំហំសរុប ២៥០ ពាន់លានដុល្លារ ខណៈលោក ត្រាំ ថែមទាំងបានគំរាមដាក់បន្ថែមពន្ធនាំចូល ៣០០ ពាន់លានដុល្លារទៀតលើទំនិញចិន បើសិនជាកិច្ចជំនួបដែលគ្រោងធ្វើឡើងនៅក្នុងកំឡុងកិច្ចប្រជុំកំពូល G20 រវាងប្រធានាធិបតីចិន និង សហរដ្ឋអាមេរិក មិនបានលទ្ធផលដែលលោក ត្រាំ ពេញចិត្ត ។

ក្រុមហ៊ុន Apple បានហៅការដំឡើងពន្ធលើទំនិញចិននោះថា ជាការធ្វើឲ្យក្រុមហ៊ុនបរទេស ជាពិសេសចិនទទួលបានផលប្រយោជន៍ ខណៈដែលផលិតផលរបស់ Apple កាន់តែឡើងថ្លៃជាពិសេស iPhone ជំនាន់ថ្មីៗតែម្តង ។ បើសិនជាស្ថានការណ៍បែបនេះកើតឡើងមែន តម្លៃរបស់ iPhone ជំនាន់ក្រោយៗនឹងកាន់តែថ្លៃ ហើយអ្នកដែលចង់បាន iPhone នឹង អាចរិះរេចិត្តទៅរកផលិតផលក្រុមហ៊ុនផ្សេងៗវិញ ៕

ដោយ៖ រ៉ាយូ

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី