អគ្គអូឡាំពិកកម្ពុជា៖ អត្តពលិកត្រូវតែអត់ធ្មត់ព្យាយាមក្នុងការហ្វឹកហាត់និងយកឈ្នះលើខ្លួនឯង ទើបអាចជោគជ័យ

9331

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បញ្ជាក់ថា ក្នុងនាមជាអត្តពលិកត្រូវមានការតស៊ូព្យាយាម អំណត់អត់ធន់ ក្នុងការហ្វឹកហាត់ពង្រឹងសមត្ថភាព ដើម្បីដណ្តើមមេដាយជូនជាតិ ហើយត្រូវយកឈ្នះលើខ្លួនឯង ទើបឈានទៅសម្រេចគោលដៅ នាពេលអនាគត ។ ការផ្តល់អនុសាស្រ្តណែនាំយ៉ាងដូច្នេះ ធ្វើឡើងក្នុងទិវាអូឡាំពិក នាព្រឹកមិញ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ដោយមានកីឡាករ កីឡការិនីចូលរួមជិត ២០០ នាក់ ។

ឯកឧត្តម វ៉ាត់ ចំរើន មានប្រសាសន៍បន្តថា ទិវាអូឡាំពិកមិនមែនជាវប្បធម៌របស់ជនជាតិអាស៊ីទេហេតុនេះ ការបញ្ចៀបពីវប្បធម៌របស់អូឡាំពិក ទៅក្នុងអារម្មណ៍របស់ជនជាតិអាស៊ី គឺលំបាក ពីព្រោះវាជាវប្បធម៌របស់អឺរុប ពិសេសពីប្រទេសក្រិចតែម្ដង ។ ឯកឧត្តម អគ្គលេខាធិការ បានបន្ថែមថា នៅថ្ងៃទី ២២ ខែមិថុនា គ្រប់ប្រទេសទាំងអស់លើពិភពលោក តែងតែប្រារព្ធធ្វើទិវាអូឡាំពិកនេះ ជារៀងរាល់ឆ្នាំ ។

នេះជាលើកដំបូងហើយដែល គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ប្រារព្ធទិវាអូឡាំពិកនេះ នៅពហុកីឡដ្ឋានមរតកតេជោ ដែលជាកន្លែងសម្រាប់បើក និងបិទការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ នាឆ្នាំ ២០២៣ ដែលកម្ពុជាទទួលបានសិទ្ធធ្វើជាម្ចាស់ផ្ទះ ។ ក្នុងទិវាអូឡាំពិកនេះ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា រួមជាមួយអ្នកជំនាញរបស់ខ្លួន បានរៀបចំនូវព្រឹត្តិការណ៍ កីឡាជាលក្ខណៈបែបកំសាន្ដ និងផ្ដល់នូវពុទ្ធិតាមរយៈកីឡា ដល់កីឡាករ-កីឡាការិនីវ័យក្មេងដែលចូលរួមទៀតផង ៕

ដោយ៖ តារា

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី