កប់!! ប្រទេសអាស៊ានទាំង ១០ រួមមានកម្ពុជា សម្រេចសហការគ្នាដេញថ្លៃធ្វើជាម្ចាស់ផ្ទះ World Cup 2034

14848

មេដឹកនាំប្រជាជាតិអាស៊ីអាគ្នេយ៍ ដែលហៅកាត់ថា អាស៊ាន ទាំង ១០ ប្រទេសបានសម្រេចលើគម្រោងដើម្បីរួមគ្នាដេញថ្លៃធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup នៅឆ្នាំ ២០៣៤ ។

ជាលទ្ធផលនៃការសម្រេចនេះត្រូវបានលើកឡើងក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៤ ដែលបានធ្វើឡើងក្នុងទីក្រុងបាងកក ប្រទេសថៃ និងទើបត្រូវបានបញ្ចប់កាលពីថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០១៩​ នេះ ។ នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា បានប្រកាសក្រោយបញ្ចប់កិច្ចប្រជុំកំពូលនោះ ការសម្រេចនេះគឺដើម្បីនាំអាស៊ីអាគ្នេយ៍ឆ្ពោះទៅរក «ក្តីស្រម៉ៃ» ក្លាយជាម្ចាស់ផ្ទះនៃការរៀបចំព្រឹត្តិការណ៍បាល់ទាត់ដ៏ធំលើពិភពលោកនេះ ។

លោក ប្រាយុទ្ធ បាននិយាយថា៖ ” ខ្ញុំសូមជូនដំណឹងដល់ពលរដ្ឋអាស៊ានទាំងអស់ថា ថ្ងៃនេះមេដឹកនាំអាស៊ានបានគាំទ្រចំពោះគម្រោងដាក់ប្រទេសអាស៊ានចូលរួមដេញថ្លៃធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួត FIFA World Cup ឆ្នាំ ២០៣៤ ។ ហើយដើម្បីឱ្យគម្រោងនេះសម្រេចបាន ខ្ញុំសូមអញ្ជើញពលរដ្ឋអាស៊ានទាំងអស់ចូលរួមគាំទ្រដល់សហព័ន្ធបាល់ទាត់ជាតិនៅតាមបណ្តារដ្ឋសមាជិកអាស៊ានទាំងអស់ជាមួយនឹងទស្សនវិស័យបំពេញក្តីស្រម៉ៃឱ្យក្លាយជាការពិតទាំងអស់គ្នា ” ។

សូមជម្រាបជូនថា ប្រទេសទាំងអស់នៅអាស៊ានពុំដែលធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតបាល់ទាត់ World Cup នោះទេ ខណៈមានប្រទេសក្នុងតំបន់អាស៊ីតែ ២ គត់ដែលធ្លាប់ធ្វើជាម្ចាស់ផ្ទះរួម គឺ ជប៉ុន និង កូរ៉េខាងត្បូង ដែលធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ ២០០២ ។ ហើយមានប្រទេសតែ ១ គត់ និង ១ ដងគត់ក្នុងតំបន់អាស៊ាន គឺឥណ្ឌូនេស៊ី ដែលធ្លាប់ជាប់ឡើងទៅលេងក្នុងព្រឹត្តិការណ៍ប្រកួត World Cup កាលពីឆ្នាំ ១៩៣៨ ៕

ដោយ៖ តារា

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី