
កីឡាអុកខ្មែរ កំពុងរៀបចំក្នុងការដាក់បញ្ចូលទៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ ២០២៣ ខណៈថៃកំពុងជំទាស់ ដើម្បីអោយដាក់ឈ្មោះជាភាសាជាតិរបស់ខ្លួនគឺ Makruk ចូលដែរទើបពួកគេ ព្រមចូលរួម។
តាមការបញ្ជាក់របស់លោក ឈាវ បូរ៉ា ក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ BTV បានបញ្ជាក់ថា អុកខ្មែរ មានលក្ខណៈសម្បត្តិគ្រប់គ្រាន់នឹងដាក់ចូលស៊ីហ្គេម ទោះថៃមិនចូលរួម។ លោកទម្លាយថា ដំបូងឡើយថៃសុំឈ្មោះជា Makruk ទាំងអស់តែម្តង តែកម្ពុជាមិនព្រម។ ចុងក្រោយពួកគេចចារម្តងទៀតសុំជា អុក Makruk តែកម្ពុជានៅតែមិនឯកភាព។
អគ្គលេខាដដែលបន្តថា ប្រទេសមួយចំនួនក្នុងតំបន់ដូចជា ឡាវ ភូមា និង វៀតណាម បានចេះក្បួនលេងរបស់អុកខ្មែររួចហើយ។ ប្រទេសទាំងនេះ នឹងចូលរួមបំពេញកូតាប្រកួត គ្រប់៤ប្រទេស ទោះគ្មានថៃក៏ដោយ។ កីឡាអុកនៅកម្ពុជា ស្ថិតក្នុងកីឡាពេញនិយមតាមបណ្តាហាងកាហ្វេ និងទីកន្លែងសាធារណៈធំៗ។ បរិមាណដ៏ច្រើននេះ បានធ្វើអោយការប្រកួតដ៏ធំប្រចាំឆ្នាំនៅអង្គរសង្ក្រានកាន់តែមានភាពប្រកួតប្រជែងខ្ពស់ ៕
ដោយ៖ Dara Hunii