ទីបំផុតនាយ តាក់ស៊ី សម្រេចបំណងសាងផ្នួសជាព្រះសង្ឃហើយនៅថ្ងៃនេះ ក្នុងវត្តមួយនៅកំពង់ស្ពឺ

136687
  • តារាកំប្លែងនាយ តាក់ស៊ី បានសម្រេចបំណងសាងផ្នួសនៅថ្ងៃទី ២៤ ខែមិថុនានេះ ដោយមានការចូលរួមពីសំណាក់ញាតិមិត្ត និង ក្រុមគ្រួសារ រួមទាំងមិត្តភក្តិ នៅក្នុងក្រុមកំប្លែងផងដែរ ។ នៅថ្ងៃនេះដែរនាង អ៊ីត ដែលជាមិត្តរួមអាជីពបានសម្តែងអារម្មណ៍ក្តុកក្តួលដែលមិត្តរួមក្រុមបានសម្រេចចិត្តសាងផ្នួសបែបនេះ ។

    គេចាំបានថា មួយរយៈមុននាយ តាក់ស៊ី បានអាក់ខានក្នុងការបួសម្តងរួចហើយ ប៉ុន្តែនៅថ្ងៃនេះតារាកំប្លែងរូបនេះ បានសម្រេចបំណងដោយបានសាងផ្នួសនៅវត្តដងទង់ថ្មី ដែលស្ថិតនៅឧត្តុង្គ ខេត្តកំពង់ស្ពឺ ។ ក្នុងនោះគេសង្កេតឃើញមានការចូលរួមពីភរិយារបស់នាយតាក់ស៊ី គឺនាង ភឹម រួមទាំងមិត្តរួមក្រុមកំប្លែងនាង អ៊ីត នាយ គ្រឿន និងនាយ ចឺម​ផងដែរ ។ ការសម្រេចចិត្តរបស់តារាកំប្លែង តាក់ស៊ី បានធ្វើឱ្យអ្នកគាំទ្រជាច្រើនមានការសោកស្តាយ ដែលខានបានឃើញសកម្មភាពកំប្លែងរបស់នាយ ចាប់ពីថ្ងៃនេះតែក៏មានការសាទរដែលតារាកំប្លែងរូបនេះមាននិស្ស័យចំពោះព្រះពុទ្ធសាសនាផងដែរ ។

    ដោយឡែកនាង ភឹម ដែលជាភរិយារបស់នាយ តាក់ស៊ី ក៏ធ្វើទៅតាមការសម្រេចចិត្តរបស់ស្វាមីផងដែរ ។ នាយ តាក់ស៊ី ធ្លាប់អះអាងថា នឹងបួសជាព្រះសង្ឃជារៀងរហូត ។ ដោយឡែកប្រសិនភរិយានាង ភឹម ចង់បានគូអនាគតថ្មី ក៏នាយមិនខឹងសម្បារអ្វីដែរ ។ គួរបញ្ជាក់ថា បើគិតមកដល់ពេលនេះនាយ តាកស៊ី ចាប់អាជីពកំប្លែងប្រមាណជា ១០ ឆ្នាំហើយ ដោយទទួលបានការគាំទ្រខ្លាំងនៅពេលនាយសម្តែងជា ស្វាស៊ុនអ៊ូខុង ៕

    ដោយ៖ នីតា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី