រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជំរុញឱ្យប្រតិបត្តិករទេសចរណ៍ ការីទេសចរណ៍ ដាក់បញ្ចូលកម្មវិធីជិះស៊ីក្លូនៅក្នុងកញ្ចប់ទស្សនកិច្ច

12143

រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ឯកឧត្តម ថោង ខុន ជំរុញឱ្យប្រតិបត្តិករទេសចរណ៍ ការីទេសចរណ៍ ដាក់បញ្ចូលកម្មវិធីជិះស៊ីក្លូ នៅក្នុងកញ្ចប់ទស្សនកិច្ច ដើម្បីលើកទឹកចិត្តអ្នកប្រកបរបរធាក់ស៊ីក្លូ និង លើកកម្ពស់វិស័យទេសចរណ៍ស៊ីក្លូ ទៅកាន់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ។

ការថ្លែបែបនេះធ្វើឡើងក្នុងព្រឹត្តការណ៍ប្រណាំងទេសចរណ៏ ឆ្នាំ ២០១៩ ធ្វើឡើងក្រោមប្រធានបទ « អភិរក្សស៊ីក្លូ ដើម្បីទេសចរណ៍ » កម្មវិធីនេះរៀបចំដោយសមាគមន៍ទេចរណ៍កម្ពុជា សហការជាមួយក្រសួងទេសចរណ៍ សមាគមអភិរក្សស៊ីក្លូ និងមុខរបរក្រៅប្រព័ន្ធ និងសាលរាជធានីភ្នំពេញ ស្ថិតទីតាំង សួនច្បារព្រះបារមីជ្រោយចង្វារ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។
ថ្លែងក្នុងពិធីនោះ ឯកឧត្តម ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៏ បានបញ្ជាក់ថា ការប្រណាំងស៊ីក្លូនេះ ធ្វើឡើងក្នុងគោលបំណងលើកកម្ពស់បណ្តុះស្មារតីគាំទ្រ និង អភិរក្សស៊ីក្លូ នៅកម្ពុជា ពីព្រោះថា ស៊ីក្លូមិនត្រឹមតែ បានដើរតួនាទីជាមធ្យោបាយធ្វើដំណើរមួយ ដែលមិនប៉ះបាល់ដល់បរិស្ថាន និងបម្រើ ដល់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជានៅទីក្រុងប៉ុណ្ណោះទេ តែវាបានដើរតួជាផលិតផល ទេសចរណ៍បៃតង ចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការទាក់ទាញភ្ញៀវទេសចរ តាមរយៈការផ្តល់សេវាកម្ម ស៊ីក្លូទេសចរណ៍ នៅក្នុងកញ្ចប់ទស្សនកិច្ច ។

ឯកឧត្តម រដ្ឋមន្រ្តី បន្ដថា ការប្រណាំងស៊ីក្លូនេះ គឺជាសកម្មភាពដ៏ទាក់ទាញដល់មហាជន សំដៅបណ្ដុះស្មារតី យុវជន ឱ្យជួយគាំទ្រ និងអភិរក្ស ជាពិសេសជំរុញដល់ប្រត្តិបត្តិករទេសចរណ៍ ការីទេសចរណ៍ ឱ្យជួយផ្សព្វផ្សាយ ណែនាំដល់ភ្ញៀវទេសចរ និងដាក់បញ្ចូលកម្មវិធីជិះស៊ីក្លូ នៅក្នុងកញ្ចប់ទស្សនកិច្ច ដើម្បីប្រលងប្រណាំងទីក្រុងស្អាត គួរយកចិត្តទុកដាក់រៀបចំឱ្យស៊ីក្លូ នៅតាមបណ្តារាជធានី ខេត្ត ក្រុង ឲ្យមានស្តង់ដារ ជាពិសេសចំណតស៊ីក្លូ ឯកសណ្ឋានត្រឹមត្រូវ ការទទួលបដិសណ្ឋារកិច្ចល្អ ការផ្តល់សេវាកម្មប្រកបដោយភាពរួសរាយរាក់ទាក់ដល់ភ្ញៀវទេសចរជាដើម ។
ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានគាំទ្រការអភិរក្សស៊ីក្លូ ដើម្បីទេសចរ ព្រោះវាបានឆ្លុះបញ្ចាំងពីការលើកទឹកចិត្ត គាំទ្រ និងចូលរួមអភិរក្ស ដល់អ្នកប្រកបរបរស៊ីក្លូ និង សមាគមស៊ីក្លូដើម្បីឆ្លើយតបទៅនឹងកិច្ចខិតខំប្រឹងប្រែងយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការអភិរក្សត្រីចក្រយានកម្ពុជា ស៊ីក្លូ ក្រោមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលបាន បង្កើតនូវសមាគម មូលនីធិ ត្រីចក្រយាន ឬមូលនីធិ ស៊ីក្លូ និងមានសម្តេចតេជោផ្ទាល់ ជាប្រធានកិត្តិយស ។

គួរបញ្ជាក់ថា ព្រឹត្តការណ៍ប្រណាំងស៊ីក្លូទេសចរណ៍ ២០១៩ មានកីឡាករធាក់ស៊ីក្លូ ១៣០ ចូលរួម ប្រណាំងលើចំងាយ ៨០០ ម៉ែត្រ ជាលទ្ធផល លេខ១ បានទៅលើ លោក រ៉ុន ចក់ មកពីខេត្តព្រៃវែង មានស៊ីក្លូពាក់ស្លាកលេខ ១១៧ ទទួលបានថវិកា ចំនួន ៤០ ម៉ឺនរៀល លេខ២ លោក ដូសារឿន មកពីខេត្តស្វាយរៀង ទទួលបានថវិកា ចំនួន ៣២ ម៉ឺនរៀល និងលេខ៣ លោក ស៊ឹម ជឿន មកពីខេត្តព្រៃវែង ទទួលបាន ២៤ ម៉ឺនរៀល ។ ដោយឡែកអ្នកចូលរួមដែលមិនទទួលបានជ័យលាភី ក៏ទទួលបានការឧបត្ដម្ភ ក្នុងម្នាក់ៗនូវថវិកាចំនួន ១០ ម៉ឺនរៀលផងដែរ ៕

ដោយ៖ តារា

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី