រដ្ឋសមាជិកអាស៊ានឯកភាពគ្នាសម្រេចឲ្យបានកិច្ចព្រមព្រៀងពាណិជ្ជកម្ម RCEP នៅត្រឹមបំណាច់ឆ្នាំ ២០១៩ នេះ

25841
  • លោក Chan Chun Sing រដ្ឋមន្ត្រីពាណិជ្ជកម្ម និង ឧស្សាហកម្មសិង្ហបុរី បានថ្លែងថា តាមរយៈកិច្ចប្រជុំពិសេសស្តីពីភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ជាមួយនឹងរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន រដ្ឋសមាជិកអាស៊ានបានឯកភាពគ្នាលើសារៈសំខាន់នៃការបញ្ចប់ការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម RCEP នៅត្រឹមចុងឆ្នាំ ២០១៩ នេះ ។

    ក្នុងកិច្ចប្រជុំពិសេសនេះរដ្ឋសមាជិកអាស៊ានបានឯកភាពគ្នាលើចំណុចរួមចំនួន ៧ ជំពូក ក្នុងចំណោមជំពូកសរុបទាំង ២០  ពោលគឺបេសកកម្មបន្ទាប់សម្រាប់រដ្ឋសមាជិក គឺបន្តកិច្ចសន្ទនា និង ការចចារលើ ១៣ ជំពូកសេសសល់ ឲ្យបានចប់សព្វគ្រប់ត្រឹមបំណាច់ឆ្នាំ ២០១៩ នេះ ។ RCEP គឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មមួយដែលផ្តួចផ្តើមដោយរដ្ឋាភិបាលចិន និងផ្តើមស្នើឡើងជាផ្លូវការក្នុងឆ្នាំ ២០១២ នាឱកាសដែលកម្ពុជាធ្វើជាប្រធានអាស៊ាន ។

    កិច្ចព្រមព្រៀងដែលមានទំហំពាណិជ្ជកម្មស្មើនឹង ៣០ ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់ពិភពលោកនេះ បង្កើតឡើងដើម្បីប្រែក្លាយតំបន់រដ្ឋអាស៊ាន និងដៃគូសន្ទនារបស់ខ្លួនក្លាយជាតំបន់ពាណិជ្ជកម្មសេរី ។ ភាគីនៃកិច្ចព្រមព្រៀងនេះ រាប់បញ្ចូលសមាជិកអាស៊ានទាំងដប់ និង ដៃគូសន្ទនាផ្សេងទៀតរួមមានចិន ជប៉ុន កូរ៉េខាងត្បូង ឥណ្ឌា អូស្ត្រាលី និង នូវែលសេឡង់ ។ តាមពិតទៅ RCEP គ្រោងនឹងបញ្ចប់ការព្រមព្រៀងគ្នាតាំងពីឆ្នាំ ២០១៥ ប៉ុន្តែត្រូវបន្តពន្យារពេលជាបន្តបន្ទាប់ ដោយសារសមាជិករបស់ RCEP មួយចំនួននៅមិនឯកភាពលើប្រការដែលត្រូវបញ្ញត្តិរួម ៕

    ដោយ៖ សំណាង

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី