ប្រេសិតពិសេសសហរដ្ឋអាមេរិកអំពាវនាវឱ្យពិភពលោកជម្រុញឱ្យអ៊ីរ៉ង់ព្យាយាមបន្ធូរបន្ថយភាពតានតឹង

14067

តំណាងពិសេសអាមេរិកទទួលបន្ទុកកិច្ចការប្រទេសអ៊ីរ៉ង់លោក ប្រាយអិន ហ៊ុក នៅថ្ងៃអាទិត្យសប្តាហ៍មុននេះ បានធ្វើការអំពាវនាវឱ្យពិភពលោកជម្រុញអ៊ីរ៉ង់ ឱ្យជៀសវាងសកម្មភាពបង្កភាពតានតឹងនៅក្នុងតំបន់ឈូងសមុទ្រ ហ្គូល (Gulf) ។

ថ្លែងក្នុងសន្និសិទសារព័ត៌មានមួយនៅឯទីក្រុងគុយវ៉ែត ប្រទេសគុយវ៉ែត លោក ហ៊ុក បាននិយាយថា ពួកយើងសូមលើកទឹកចិត្តដល់បណ្តាប្រជាជាតិទំាងអស់ ប្រើប្រាស់ផ្នែកការទូតរបស់ខ្លួន ខិតខំព្យាយាមជម្រុញឱ្យទីក្រុងតេហេរ៉ង់ ជៀសវាងការបង្កភាពតានតឹងនានា ។ តំណាងពិសេសអាមេរិកទទួលបន្ទុកកិច្ចការអ៊ីរ៉ង់រូបនេះ បានសង្កត់ធ្ងន់ថា ទីក្រុងវ៉ាស៊ីនតោន មិនបានកំពុងស្វះស្វែងរកការប៉ះទង្គិចគ្នាដោយប្រដាប់អាវុធ ដើម្បីប្រឆាំងនឹងអ៊ីរ៉ង់ ឡើយ ហើយថា សហរដ្ឋអាមេរិក ក៏មិនចង់បង្កើនភាពតានតឹងនៅក្នុងតំបន់ផងដែរ ។

ការកត់សម្គាល់បែបនេះរបស់លោក ប្រាយអិន ហ៊ុក បានកើតមានឡើងបន្ទាប់ពីអនុប្រធានសភាអ៊ីរ៉ង់ លោក ម៉ាហ្ស៊ូដ ផេហ្ស៊េសគៀន បាននិយាយថា សហរដ្ឋអាមេរិក គឺជាមេភេរវករពិភពលោក ដោយសារតែប្រទេសមួយនេះបានបង្កភាពចលាចល និងអសន្តិសុខនៅក្នុងប្រទេសជាច្រើន តាមរយៈការផ្ដល់អាវុធទំនើបឱ្យពួកភេរវករ ។ យ៉ាងណាមិញ អនុប្រធានសភាអ៊ីរ៉ង់រូបនេះមិនបានបង្ហាញភស្ដុតាង ដើម្បីបញ្ជាក់ពីការអះអាងរបស់លោកឡើយ ៕

ដោយ៖ រ៉ាយូ

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី