កីឡាករឆ្នើមៗចំនួន ៥ រូប ដែលអស់និស្ស័យជាមួយក្របខ័ណ្ឌ Laliga គ្រោងដើរចេញនារដូវក្ដៅនេះ

35235
  • ទីផ្សារដោះដូរកីឡាករនារដូវក្ដៅនៅតំបន់អឺរ៉ុបកំពុងតែដំណើរការយ៉ាងរលូន ស្របពេលនេះផងដែរ ត្រូវបានគេនិយាយថា នឹងមានកីឡាករឆ្នើមៗជាច្រើនបានត្រៀមនឹងត្រូវដើរចេញពីក្លឹបរបស់ខ្លួន ហើយក៏នឹងចេញឱ្យផុតពីក្របខណ្ឌ La Liga ផងដែរ ។

    ខណះខាងក្រោមនេះគឺជា កំពូលកីឡាករចំនួន ៥ រូបត្រូវបានគេព្យាករណ៍ថា បានអស់និស្ស័យជាមួយលីគកំពូលអេស្ប៉ាញ ហើយត្រូវចាកចេញឆ្ងាយនារដូវក្ដៅនេះ ៖

    ៥/ កីឡាករ Rodrigo Hernandez

    ក្នុងវ័យ ២២ ឆ្នាំខ្សែបម្រើអេស្ប៉ាញនេះកំពុងតែក្លាយជាទីចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ក្លឹបធំៗជាច្រើននៅអឺរុប ក្រៅពីក្របខ័ណ្ឌ La Liga ។ ហើយមានដំណឹងជាហូរហែមកថា Hernandez បានសម្រេចជ្រើសរើសក្លឹប Manchester City ។ សូមបញ្ជាក់ថា Hernandez ទើបបានមកលេងក្នុងក្លឹប Atletico Madrid ក្នុងឆ្នាំ ២០១៨ បន្ទាប់ផ្ទេរពីក្លឹប Villareal ។ នៅ AT Madrid ក្នុងរដូវកាលនេះគេបង្ហាញខ្លួនបាន ៣៤ ដងនិងរកបានគ្រាប់បាល់ ៣ គ្រាប់ ហើយក៏ជាចំណែកជួយដល់ក្រុមរបស់លោក Diego Simeone បញ្ចប់ក្របខ័ណ្ឌ La Liga ជាជើងឯករងផងដែរ។

    ៤/ កីឡាករ Gareth Bale

    ទោះបីជាធ្លាប់លើកពានបាន ១៣ ដងជាមួយក្រុម Real Madrid និងរកគ្រាប់បាល់បានដល់ទៅ ១០២ គ្រាប់ ប៉ុន្តែគេជឿជាក់ថា Gareth Bale មិនអាចក្លាយជាចំណាប់អារម្មណ៍របស់លោក Zinedine Zidane ទេ នៅរដូវកាលក្រោយ ។ គ្មានភាពឋិតឋេរសម្រាប់ Bale ព្រោះមានដំណឹងចចាមអារ៉ាមថាក្លិប Real Madrid ចង់យកកីឡាករសញ្ជាតិវែលរូបនេះទៅដោះដូរជាមួយកីឡាករនៅក្លឹបផ្សេងទៀត ។ ដូច្នេះ Bale មានភាគរយច្រើនដែលត្រូវដើរចេញពីក្របខ័ណ្ឌ La Liga នៅចុងរដូវកាលនេះ ។

    ៣/ កីឡាករ Philippe Coutinho

    គ្មានអ្វីជាការសង្ស័យនោះទេ សម្រាប់កីឡាករវ័យ ២៦ ឆ្នាំរូបនេះ ។ Barcelona គឺពិតជាចង់លក់កីឡាករប្រេស៊ីល ប៉ុន្តែគ្រាន់តែមកដល់ពេលនេះគេនៅពុំទាន់ឈានទៅដល់កិច្ចព្រមព្រៀងពេញលេញជាមួយក្លឹបណាមួយនៅឡើយ ។ មានក្លឹប ៣ ដែលមានដំណឹងមកថា កំពុងចាប់អារម្មណ៍កីឡាករប្រេស៊ីលដោយក្នុងនោះរួមមាន Paris Saint-Germain, Manchester United និងក្រុមហង្សក្រហម Liverpool ។

    ២/ កីឡាករ Antoine Griezmann

    ខ្សែប្រយុទ្ធបារាំងបានអះអាងហើយថា ខ្លួននឹងចាកចេញពីក្លឹប Atletico Madrid ។ មានដំណឹងថា ក្លឹប Barcelona ចាប់អារម្មណ៍លើម្ចាស់ជើងឯកការប្រកួត World Cup រូបនេះ ប៉ុន្តែមកដល់ពេលនេះនៅពុំដំណឹងពីការចុះហត្ថលេខាយកកីឡាកររូបនេះនៅឡើយទេ ស្របពេលមានដំណឹងបន្ថែមថា កីឡាករសំខាន់ៗរបស់ក្រុម Barcelona បាននាំគ្នាធ្វើពហិកាមិនឱ្យទិញ Griezmann ។ បើដូច្នេះមែន Griezmann ទំនងមិនបានបន្តក្នុងក្របខណ្ឌ La Liga ទេ ហើយគេប្រហែលអាចហោះចេញផុតពីអេស្ប៉ាញឆ្ពោះទៅបារាំង ( PSG) ឬអង់គ្លេស (Man Utd) ។

    ១/ កីឡាករ Marcelo

    មានការកត់សម្គាល់ថា តាំងពីការចាកចេញរបស់កីឡាករ Cristiano Ronaldo ដែលជាមិត្តភក្តិជិតស្និទ្ធិរបស់គេផ្ទេរទៅកាន់ក្លឹប Juventus ខ្សែការពារវ័យ ៣១ ឆ្នាំរូបនេះហាក់ដូចជា គ្មានការតាំងចិត្តល្អសម្រាប់ Real Madrid នោះទេ ។ ទោះបីជាក្លឹបពុំបានដាក់លក់ Marcelo ក៏ប៉ុន្តែខ្សែការពាប្រេស៊ីលនេះក៏ទំនងមិនរួមរស់ជាមួយ Real Madrid ដល់រហូតកាលក្រោយនោះដែរ បន្ទាប់ពីគេបានចូលរួមជាមួយអធិរាជសតាំងពីឆ្នាំ ២០០៧ មក ។ បើ Marcelo អាចផ្ទេរចេញដោយគ្មានតម្លៃខ្លួន នោះក្លឹប Juventus ប្រហែលជាអាចទទួលយកគេបាន ៕

    ដោយ៖ តារា

    ប្រភព :
    foxsports
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី