កម្ពុជាត្រៀមរួចជាស្រេចដើម្បីធ្វើជាម្ចាស់ផ្ទះ កីឡាហែលទឹកជើងឯកអាស៊ីអាគ្នេយ៍ លើកទី៤៣ ខាងមុខនេះ

9331

អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹក លោក ហែមគីរី បញ្ជាក់ថា ការទទួលធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ប្រកួតកីឡាហែលទឹក ជើងឯកយុវជនអាស៊ីអាគ្នេយ៍ លើកទី ៤៣ ឆ្នាំ ២០១៩ នេះ គឺកម្ពុជាចង់បង្ហាញពីភាពរីកចំរើនគ្រប់វិស័យ ទាំងវិស័យសេដ្ឋកិច្ច ហេដ្ឋារចនាសម័ន្ធ ជាពិសេសវិស័យកីឡា ក្នុងដំណើរឆ្ពោះទៅស៊ីហ្គេម ឆ្នាំ ២០២៣ នៅកម្ពុជា ។

លោក ហែម គីរី បន្តថា ការធ្វើជាម្ចាស់ផ្ទះនេះដែរ ក៏ជាឪកាសសម្រាប់កីឡាករ កីឡាការិនីវ័យក្មេងកម្ពុជា បានដកស្រង់បទពិសោធន៍ និងបច្ចេកទេសពីអត្តពលិក នៅតំបន់អាស៊ីអាគ្នេយ៍ ចំនុចសំខាន់មួយទៀត គឺឱ្យមន្រ្តីសហព័ន្ធផ្ទាល់ មន្រ្តីរដ្ឋបាល មន្រ្តីពាក់ព័ន្ធនានា បានរៀនសូត្រពីការរៀបចំព្រឹត្តការណ៍ធំៗជាលក្ខណៈអន្តរជាតិ ។
លោកអគ្គលេខាធិការ បានរំលឹកថា កាលឆ្នាំ ១៩៦៧ កម្ពុជាធ្លាប់ធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡា GANEFO ក្នុងកីឡាហែលក៏ជាប្រភេទកីឡាមួយ ក្នុងចំណោមជាង ១០ ប្រភេទកីឡា ដែលត្រូវឱ្យប្រកួតប្រជែង ក្នុងនោះកីឡាហែលទឹក មាន ៣ វិញ្ញាសា គឺមានហែលទឹក បាល់ទឹក និងលោតទឹក ដូច្នេះគិតមកដល់បច្ចុប្បន្នយើងមិនធ្លាប់ទទួលធ្វើព្រឹត្តការណ៍អន្តរជាតិទេ ទើបតែឆ្នាំ ២០១៩ នេះ កម្ពុជាទទួលសិទ្ធធ្វើជាម្ចាស់ផ្ទះម្តងទៀត ។ លោក បន្ថែមទៀតថា កម្ពុជាដាក់សិតសឹងតែកីឡាករ កីឡាករិនីវ័យក្មេងមានអាយុចាប់ពី ១៧ ឆ្នាំចុះ ដើម្បីវាស់ស្ទង់សមត្ថភាព ក្នុងដំណើរឆ្ពោះទៅ ២០២៣ ដោយសហព័ន្ធខ្មែរកីឡាហែលទឹក ដាក់គោលដៅយកមេដាយ ២ គ្រឿង គឺមេដាយមាស ប្រាក់ និងសំរិទ្ធមួយណាក៏បាន ក្នុងចំណោម ២០ វិញ្ញាសា ដែលយើងកំពុងតែត្រៀម ។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតកីឡាហែលទឹកជើងឯកអាស៊ីអាគ្នេយ៍យុវជន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ មានប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនីចូលរួមសរុប ៤០៦ នាក់ ក្នុងនោះមានអត្តពលិកសរុប ២៩០ នាក់ ដោយត្រូវប្រជែងលើ​ ១០៥ វិញ្ញាសា រយៈពេល៣ថ្ងៃ ចាប់ថ្ងៃទី ២៨ ដល់ថ្ងៃទី ៣០ ខែមិថុនា នៅអាងហែលទឹក នៃពហុកីឡដ្ឋានជាតិមរតកតេជោ ខណៈសហព័ន្ធខ្មែរកីឡាហែលទឹក បានត្រៀមកីឡាករ កីឡាការិនីថ្នាលរបស់ខ្លួន ចំនួន ២០ នាក់ និងគ្រូងបង្វឹក ប្រតិភូចំនួន ៥ នាក់ ៕

ដោយ៖ តារា

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី