Buffon នឹងត្រឡប់ទៅលេងនៅ Juventus វិញ មុនពេលឡើងកាន់តំណែងជានាយកផ្នែកម្នាក់?

24982
  • ភ្នាក់ងាររបស់អ្នកចាំទីចាស់វស្សា Gianluigi Buffon បានលោក Silvano Martina និយាយថា ការវិលត្រឡប់ទៅកាន់ក្លឹប Juventus គឺគ្រាន់តែជាគំនិតមួយប៉ុណ្ណោះសម្រាប់ពេលនេះ ខណៈដែលលោកបានទទួលស្គាល់ថា ការចរចាកំពុងតែប្រព្រឹត្តទៅដើម្បីនាំអ្នកចាំទីរូបនេះត្រឡប់ទៅកាន់ទីក្រុងទូរីន វិញ ។

    Gianluigi Buffon គឺជាកីឡាករគ្មានតម្លៃខ្លួន បន្ទាប់ចាកចេញពីក្រុមម្ចាស់ជើងឯកក្របខ័ណ្ឌ Ligue 1 ក្លឹប Paris Saint-Germain បន្ទាប់ពីរួមរស់ជាមួយគ្នាអស់រយះពេល ១ រដូវកាលនៅក្នុងរដ្ឋធានីបារាំង ។ អ្នកចាំទីវ័យ ៤១ ឆ្នាំរូបនេះបានផ្លាស់ពីក្លឹបសេះបង្កង់ Juventus ទៅចូលរួមជាមួយក្លឹបយក្ស Paris Saint-Germain កាលពីរដូវកាល ២០១៨/២០១៩ ប៉ុន្តែ Buffon អាចនឹងត្រូវវិលត្រឡប់ទៅកាន់ក្របខ័ណ្ឌ Serie A វិញ ដែលជាទីកន្លែងដែលគាត់បានឈ្នះពានរង្វាន់លីគកំពូលអ៊ីតាលីចំនួន ៩ ដង និងពានរង្វាន់ជាច្រើនទៀត ។

    ឆ្លើយតបទៅនឹងរបាយការណ៍ដែលថា Buffon កំពុងតែចរចាដើម្បីត្រឡប់ទៅកាន់ដៃទី១ ជំនួសអ្នកចាំទី Wojciech Szczesny មុនពេលឡើងទៅកាន់តំណែងជានាយកផ្នែកម្នាក់នៅក្នុងក្លឹប Juventus លោក Silvano Martina បានប្រាប់ SportItalia យ៉ាងខ្លីថា៖ ” ឥឡូវនេះវាគ្រាន់តែជាគំនិតប៉ុណ្ណោះ ” ។

    Buffon បានចំណាយពេលអស់ ១៧ ឆ្នាំនៅក្លឹប Juventus បន្ទាប់ផ្ទេរពីក្លឹប Parma ក្នុងតម្លៃបំបែកកំណត់ត្រាពិភពលោកកាលពីឆ្នាំ ២០០១ ។ អតីតអ្នកចាំទីជម្រើសជាតិអ៊ីតាលីរូបនេះ បានឈ្នះពានរង្វាន់ជាច្រើនជាមួយ Juventus ដូចជា Supercoppa Italiana ចំនួន ៥ ដង និងពានរង្វាន់ Coppa Italia ចំនួន ៤ លើក ខណៈដែលគាត់ជួយឱ្យ Juventus ឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត្រក្របខ័ណ្ឌ UEFA Champions League បានចំនួន ៣ លើកឯណោះ ៕

    ដោយ៖ តារា

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី