
សហរដ្ឋអាមេរិក នឹងមិនអនុញ្ញាតឱ្យកងកម្លាំង តួកគី បញ្ជាការហោះហើរ ឬ ចូលរួមក្នុងកម្មវិធីអភិវឌ្ឍយន្ដហោះចម្បាំងបំបំាងកាយ F-35 ទៀតឡើយ បើសិនជាទីក្រុងអង់ការ៉ា មិនព្រមបោះបង់ការទិញប្រព័ន្ធមីស៊ីលការពារដែនអាកាស S-400 ពីរុស្ស៊ី ។
ទន្ទឹមគ្នានោះ បេសកជនពិសេសអាមេរិកប្រចំាអង្គការ ណាតូ លោកស្រី ខេបែល លី ហ៊ូតឈីសិន បានអះអាងថា គ្រប់យ៉ាងបានបង្ហាញថា រុស្ស៊ីនឹងប្រគល់ S-400 ឱ្យតួកគី… តែយើងនឹងមិនបណ្ដោយឱ្យប្រព័ន្ធមីស៊ីលនេះ បំផ្លាញដល់យុទ្ធសាស្ត្រការពារដែនអាកាសរបស់ណាតូឡើយ ។ ដូច្នេះតួកគី នឹងត្រូវបានបាត់បង់ F-35 បើសិនជាទីក្រុងអង់ការ៉ា មិនបោះបង់ចោល S-400 ។
ជាការកត់សម្គាល់បែបនេះរបស់លោកស្រី ខេបែល លី ហ៊ូតឈីសិន បានកើតមានឡើងស្របពេលដែលប្រធានាធិបតីតួកគី លោក អឺដូហ្គាន់ និង សមភាគីអាមេរិក លោក ដូណាល់ ត្រាំ ត្រូវបានគេរំពឹងថា អាចនឹងជួបគ្នានៅក្នុងកិច្ចប្រជុំ G20 នៅប្រទេសជប៉ុន នាចុងខែមិថុនានេះ ហើយបញ្ហាពាក់ព័ន្ធនឹង S-400 នឹងក្លាយជាប្រធានបទដ៏សំខាន់មួយនៅក្នុងកិច្ចពិភាក្សារវាងមេដឹកនាំទាំងពីរ ៕
ដោយ៖ រ៉ាយូ