
ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ មិនមានគម្រោងជួបជាមួយមេដឹកនំាកំពូលកូរ៉េខាងជើងលោក គីម ជុងអ៊ុន ឡើយ នៅពេលលោកបំពេញទស្សនកិច្ចទៅកាន់កូរ៉េខាងត្បូង នាចុងសប្តាហ៍នេះ ក្រោយចូលរួមកិច្ចប្រជុំ G20 នៅជប៉ុន នេះបើតាមមន្រ្តីជាន់ខ្ពស់រដ្ឋបាលសហរដ្ឋអាមេរិក មួយរូបក្នុងលក្ខខណ្ឌមិនបញ្ចេញអត្តសញ្ញាណ ។
ឆ្លើយតបនឹងសំណួររបស់អ្នកយកព័ត៌មាន មន្រ្តីដដែលនេះបាននិយាយថា លោក ដូណាល់ ត្រាំ ត្រូវបានគេរំពឹងថា នឹងធ្វើដំណើរទៅទស្សនកិច្ចនៅតំបន់គ្មានយោធា ដែលខណ្ឌចែកប្រទេសបងប្អូនកូរ៉េទំាងពីរ ក្នុងអំឡុងពេលបំពេញទស្សនកិច្ចនៅកូរ៉េខាងត្បូង ។ គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នៅថ្ងៃច័ន្ទដើមសប្តាហ៍នេះ បានប្រគល់ជូនមេដឹកនំាកំពូលកូរ៉េខាងជើង នូវលិខិតដ៏រាក់ទាក់បំផុតមួយ ដើម្បីជាការឆ្លើយតបចំពោះការបញ្ជូនលិខិតសួរសុខទុក្ខរូបលោកពីសំណាក់លោក គីម កាលពីសប្តាហ៍មុន ។
ការផ្លាស់ប្តូរលិខិតគ្នាទៅវិញទៅមករវាងមេដឹកនាំទំាងពីរ បានកើតមានឡើងខណៈដែលប្រទេសទំាងពីរកំពុងជាប់គំាងទាក់ទិននឹងកិច្ចពិភាក្សា ស្តីពីការលុបបំបាត់កម្មវិធីអានុយក្លេអ៊ែររបស់កូរ៉េខាងជើង និងមុនពេលដែលលោក ត្រាំ គ្រោងចាកចេញនៅក្នុងថ្ងៃពុធសប្តាហ៍នេះ ទៅបំពេញទស្សនកិច្ចនៅតំបន់អាស៊ី ដែលក្នុងនោះរួមមានកូរ៉េខាងត្បូង ផងដែរ ៕
ដោយ៖ រ៉ាយូ