ទីបំផុត De Ligt យល់ព្រមផ្ទេរទៅកាន់ Juventus ហើយក្នុងតម្លៃខ្លួន ៨០ លានដុល្លារ ដោយចុះកុងត្រា ៥ ឆ្នាំ

8335

ក្លិប Juventus កំពុងតែឈានដល់កិច្ចព្រមព្រៀងផ្ទេរយកកីឡាករ Matthijs De Ligt ពីក្លឹប AFC Ajax ហើយ ក្នុងតម្លៃខ្លួនចំនួន ៧០ លានអឺរ៉ូ ( ៦៣ លានផោន / ៨០ លានដុល្លារ ) ខណះកិច្ចព្រមព្រៀងអាចនឹងធ្វើឡើងនៅប៉ុន្មានម៉ោងខាងមុខនេះទៀត នេះបើយោងតាមការចុះផ្សាយរបស់វិបសាយ Goal ។

ប្រភពពត៌មានច្បាស់ការណ៍ខាងលើបានឱ្យដឹងថា ក្រុមម្ចាស់ជើងឯកក្របខ័ណ្ឌ Serie A បានទទួលសញ្ញាវិជ្ជមានយ៉ាងខ្លាំងពីសំណាក់ភ្នាក់ងាររបស់ក្លឹបយក្សហូឡង់ Ajax និងភ្នាក់ងាររបស់ខ្សែការពារវ័យ ១៩ ឆ្នាំ Matthijs De Ligt គឺលោក Mino Raiola ដែលបង្ហាញថា កិច្ចព្រមព្រៀងនឹងត្រូវបញ្ចប់ដោយជោគជ័យកក្នុងពេលឆាប់ៗនេះ ជាមួយតម្លៃផ្ទេរចំនួន ៧០ លានអឺរ៉ូ ។ បើយោងតាមរបាយការណ៍ក៏បាននិយាយទៀតថា Matthijs De Ligt នឹងត្រូវចុះហត្ថលេខាលើកិច្ចសន្យារយៈពេល ៥ ឆ្នាំជាមួយក្លិបសេះបង្កង់ Juventus ដែលនឹងធ្វើឱ្យសមាជិកក្រុមជម្រើសជាតិហូឡង់រូបនេះទទួលបានប្រាក់ឈ្នួលសរុបចំនួនរហូតដល់ ១២ លានអឺរ៉ូក្នុងមួយរដូវកាល ប្រសិនបើផ្លាស់ទៅកាន់ទីក្រុងទូរីន នារដូវកាលក្រោយនេះពិតមែន ។

សូមរំលឹកផងដែរថា Matthijs De Ligt បានក្លាយជារ៉ាដាតាមប្រម៉ាញ់របស់ក្លឹបកំពូលៗជាច្រើននៅតំបន់អឺរ៉ុប បន្ទាប់ពីបង្ហាញទម្រង់លេងស្ទើរមិនគួរឱ្យជឿ ដោយបានជួយឱ្យក្លឹប Ajax គ្រងតំណែងជើងឯកហូឡង់ ជាពិសេសទម្លាក់ក្រុមអធិរាជស Real Madrid ត្រឹមវគ្គ ១៦ ក្រុមចុងក្រោយ និងទម្លាក់​ Juventus នៅវគ្គ ៨ ក្រុមចុងក្រោយនៃពានរង្វាន់ក្របខ័ណ្ឌ UEFA Champions League នារដូវកាលកន្លងទៅនេះ ៕

ដោយ៖ តារា

ប្រភព :
Goal
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី