Toni Kroos ៖ ការចាកចេញរបស់ Cristiano Ronaldo​ ពីក្លឹប Real Madrid ធ្វើឱ្យគ្រប់គ្នាសប្បាយចិត្ត

12994
  • ការចាកចេញរបស់កីឡាករ Cristiano Ronaldo ពីក្លឹបអធិរាជស Real Madrid ផ្ទេរទៅកាន់ក្លឹបសេះបង្កង់ Juventus គឺជាលទ្ធផលវិជ្ជមានសម្រាប់គ្រប់ភាគីទាំងអស់ នេះបើតាមការអះអាងរបស់កីឡាករ Toni Kroos ។

    ម្ចាស់ពានរង្វាន់ Ballon d’Or ប្រាំសម័យកាល Cristiano Ronaldo បានសម្រេចចាកចេញពីទឹកដីប្រទេសអេស្ប៉ាញកាលពីដើមរដូវកាលមុន ក្រោយពីទទួលបានជោគជ័យយ៉ាងខ្លាំងជាមួយនឹងក្រុមយក្សក្របខ័ណ្ឌ Laliga ជាពិសេសជួយឱ្យក្លឹបអធិរាជស Real Madrid ឈ្នះពានរង្វាន់ក្របខ័ណ្ឌ UEFA Champions League ចំនួន ៣ រដូវកាលជាប់ៗគ្នា ( ២០១៥/១៦,២០១៦/១៧,២០១៧/១៨ ) ។ ខ្សែប្រយុទ្ធវ័យ ៣៤ ឆ្នាំរូបនេះបានផ្លាស់ទៅក្របខ័ណ្ឌ Serie A ដើម្បីស្វែងរកការប្រកួតប្រជែងថ្មី និងត្រូវបានឈ្នះពានរង្វាន់កីឡាករឆ្នើមប្រចាំឆ្នាំសម្រាប់ការខិតខំប្រឹងប្រែងរបស់គាត់ក្នុងការជួយឱ្យក្លឹបសេះបង្កង់ Juventus លើកពានលីគកំពូលអ៊ីតាលី ( Serie A ) ៨ រដូវកាលជាប់ៗគ្នា ។

    ខណះបន្ទាប់ពីការចាកចេញរបស់ Ronaldo បានធ្វើឱ្យក្រុម Real Madrid ជួបរដូវកាលដ៏អាក្រក់បំផុតនៅក្នុងប្រវត្តិសាស្ត្ររបស់ក្លឹប ដោយបានបណ្ដេញគ្រូបង្វឹកអស់ចំនួន ២ និងបានបញ្ចុះបញ្ចូលឱ្យលោក Zinedine Zidane ត្រឡប់មកដឹកនាំក្លឹបនៅចុងរដូវកាល ២០១៨/២០១៩ នេះ វិញក៏ដោយនៅតែមិនអាចស្រោចស្រង់ក្លឹបវិញបាន ។ ជាលទ្ធផលពួកគេបានបញ្ចប់ក្នុងចំណាត់លេខរៀងទី ៣ នៃពានរង្វាន់លីគកំពូលអេស្ប៉ាញ ( Laliga ) និងបរាជ័យដ៏អាម៉ាស់បំផុតក្នុងនាមជាក្រុមការការពារតំណែងជើងឯក Champions League ដោយបានបរាជ័យត្រឹមវគ្គ ១៦ ក្រុមចុងក្រោយ ក្រុមថ្វីជើងក្រុមហូឡង់ Ajax និងក៏បានបាត់បង់ពានរង្វាន់ Copa del Rey ផងដែរ សរុបសេចក្ដីមក Real Madrid គ្មានទទួលបានពានអ្វីសូម្បីតែមួយ ក្រោយពីអត់ Ronaldo ។

    ថ្លែងទៅកាន់ SportBild ខ្សែបម្រើ Kroos បានសារភាពថា វាមិនមានអ្វីគួរឱ្យភ្ញាក់ផ្អើលទេដែលក្លិបបានរងនូវការឈឺចាប់តាំងពីការចាកចេញរបស់ Ronaldo ប៉ុន្តែកីឡាករអន្តរជាតិអាឡឺម៉ង់រូបនេះបានបន្ថែមថា វាមានអត្ថប្រយោជន៍សម្រាប់ភាគីទាំងអស់ដែលទទួលបានទឹកប្រាក់ច្រើនដ៏ច្រើនមហាសាល ។ ជ័យលាភីពានរង្វាន់បាល់ទាត់ពិភពលោកឆ្នាំ ២០១៤ រូបនេះបាននិយាយថា៖ ” វាពិតជាចម្លែកណាស់ ប្រសិនបើអ្នកមិននឹកនរណាម្នាក់ដូចជា Cristiano Ronaldo ដែលបានសម្រេចការប្រកួតជាច្រើនជាមួយនឹងគ្រាប់បាល់របស់គេ ។ ប៉ុន្តែការផ្លាស់ចេញរបស់គាត់ ( ផ្ទេរទៅ Juventus ) បានធ្វើឱ្យអ្នករាល់គ្នាសប្បាយចិត្ត គាត់ចង់បានបទពិសោធថ្មី ហើយ Real Madrid ទទួលបានប្រាក់ច្រើន ” ៕

    ដោយ៖ តារា

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី