ញ៉ាក់សាច់ Audi Q7 ស៊េរីឆ្នាំ ២០២០ បំពាក់មុខងារពិសេសៗកាន់តែច្រើន សមត្ថភាពកាន់តែខ្លាំង

6559

រថយន្តប្រភេទ SUV ខ្នាតធំបំពាក់កៅអី ៣ ជួររបស់ក្រុមហ៊ុនផលិតរថយន្ត Audi ម៉ូដែល Q7 ស៊េរីឆ្នាំ ២០២០ បានបង្ហាញរូបរាងជាផ្លូវការហើយ នឹងត្រូវបង្ហាញខ្លួនជាលើកដំបូងនៅអឺរ៉ុបនាពាក់កណ្តាលខែកញ្ញា ខាងមុខនេះ ។

រថយន្តប្រភេទ SUV របស់អាល្លឺម៉ង់ខាងលើទទួលបានការកែមុខមាត់ថ្មីដូចជា ចង្កៀងមុខបំពាក់បច្ចេកវិទ្យា HD Matrix LED ជាមួយនឹងភ្លើងឡាស៊ែរ , ស៊ុមប៉ាណាថ្មី និងរន្ធបឺតខ្យល់ខាងមុខថ្មី ខណៈផ្នែកខាងក្រោយក៏ទទួលបានការកែប្រែថ្មីផងដែរ ។ ការ Update ធំបំផុតមួយលើម៉ូដែល Q7 ស៊េរីថ្មី ២០២០ នេះ គឺការបំពាក់ប្រព័ន្ធ Electromechanical Active Roll Stabilization ដែលជាជម្រើសមួយ ជួយកាត់បន្ថយចលនានៃតួរថយន្តលើដងផ្លូវរលាក់នៅពេលបើកលើផ្លូវត្រង់ ។ មិនតែប៉ុណ្ណោះនៅពេលដែលរថយន្តបើកលើផ្លូវកោងប្រព័ន្ធនេះនឹងជួយកាត់បន្ថយការផ្អៀងនៃតួខ្លួនរថយន្ត ឬ ក្រឡាប់យ៉ាងប្រសើរបំផុត ។

អាស្រ័យតាមទីផ្សា រថយន្ត Q7 ស៊េរីឆ្នាំ ២០២០ នឹងត្រូវបំពាក់ជម្រើសម៉ាស៊ីនដូចជា ម៉ាស៊ីនម៉ាស៊ូតចំនួន ២ ចំណុះ ៣,០ លីត្រ ទំហំ ៦ ស៊ីឡាំង បង្កើតកម្លាំងបាន ២២៨ សេះ និង ២៨២ សេះ ។ ចំណែកឯម៉ាស៊ីនសាំងវិញ គឺចំណុះ ៣,០ លីត្រ ទំហំ ៦ ស៊ីឡាំងបង្កើតកម្លាំងបាន ៣៣៥ សេះ ព្រមទាំងម៉ាស៊ីន Plung-in Hybrid ផងដែរ ។ ម៉ាស៊ីនទាំងអស់នេះនឹងដំណើរការជាមួយប្រអប់លេខអូតូ ៨ វគ្គ ប្រភេទ Tiptronic ព្រមទាំងប្រព័ន្ធបើកបរប៉ុងពីរ AWD ។ ក្រៅពីនេះQ7 ស៊េរីថ្មីនេះ ក៏បាន Update ផ្នែកខាងក្នុងផងដែរ ដោយបំពាក់ប្រព័ន្ធកម្សាន្ត – ព័ត៌មាន MMI infotainment System ជំនាន់ចុងក្រោយបង្អស់ជាមួយនឹងអេក្រង់ដ៏ធំចំនួន ២ នៅផ្នែកកណ្តាលនៃតាប្លូ ។ រីឯកុងទ័រឌីជីថល Audi’s Virtual Cockpit ត្រូវបានបំពាក់តាមស្តង់ដារតែម្តង ៕

ដោយ៖ ស្រស់

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី