Chelsea និង Real Madrid បានយល់ព្រមគ្នារួចរាល់ហើយ លើការផ្ទេរ Kovacic ជាអចិន្រ្តៃយ៍ក្នុងតម្លៃ ៥០ លានអឺរូ

9257
  • យោងតាមការអះអាងរបស់អ្នកកាសែតជនជាតិអ៊ីតាលីលោក Gianluca Di Marzio បានឱ្យដឹងថា ក្រុមតោខៀវ Chelsea កំពុងតែត្រៀមខ្លួនសម្រាប់ការបញ្ចប់កិច្ចព្រមព្រៀងជាអចិន្រ្តៃយ៍លើកីឡាករ Mateo Kovacic ក្នុងពេលឆាប់ៗនេះហើយ ។ ក្រុមតោខៀវបានយល់ព្រមជាមួយនឹងក្លិប Real Madrid លើតម្លៃផ្ទេរចំនួន ៥០ លានអឺរ៉ូបូករួមជាមួយប្រាក់បន្ថែមផ្សេងទៀត ខណះការប្រកាសជាផ្លូវការត្រូវបានរំពឹងទុកនឹងធ្វើនៅប៉ុន្មានថ្ងៃខាងមុខនេះទៀត ។

    បើយោងទៅតាមប្រភពពត៌មានរបស់ប្រទេសអេស្ប៉ាញ Marca បានឱ្យដឹងថា អ្នកចាត់ការថ្មីរបស់ក្លឹប Chelsea លោក Frank Lampard បានផ្តល់ភ្លើងខៀវរួចរាល់ហើយដើម្បីចុះហត្ថលេខាលើខ្សែបម្រើ Mateo Kovacic ពី Real Madrid ។ ទោះជាយ៉ាងណាក៏ដោយក្រុមយក្សអ៊ីតាលី Inter Milan ក៏កំពុងចង់បានកីឡាករសញ្ជាតិក្រូអាតរូបនេះវិលត្រឡប់ទៅកាន់ទឹកដី San Siro ដែលរូបគេបានចាកចេញកាលពី ៤ ឆ្នាំមុន មកវិញផងដែរ ។ ដោយឡែកលោក Antonio Conte ដែលទើបនឹងត្រូវតែងតាំងជាគ្រូបង្វឹកថ្មីរបស់ Inter Milan ក៏ត្រូវបានគេរាយការណ៍ថា ក៏មានចំណាប់អារម្មណ៍ចង់នាំយក Kovacic មកចូលរួមជាមួយក្រុមថ្មីរបស់ខ្លួនផងដែរ ។

    ក្លឹបតោខៀវ Chelsea ត្រូវបានហាមឃាត់មិនចូលរួមទីផ្សាដោះដូរកីឡាករនារដូវកាលថ្មីនេះនោះទេ ។ ទោះបីជាយ៉ាងណាក៏ដោយក្រុមជើងឯក  UEFA Europa League នៅតែមានសិទ្ធិទិញខ្សែបម្រើវ័យ ២៥ ឆ្នាំរូបនេះ ដោយសារតែមានលក្ខខ័ណ្ឌទិញផ្ដាច់ដែលបានបង្កប់នៅក្នុងកិច្ចព្រមព្រៀងខ្ចីជើងពីក្លឹប Real Madrid កាលពីរដូវកាលមុន ។ កាលពីរដូវកាល ២០១៨/១៩ កន្លងទៅនេះ Kovacic បង្ហាញខ្លួនបានចំនួន ៥១ ប្រកួតនៅក្នុងការប្រកួតទាំងអស់ ដោយបញ្ចូនបាល់ឱ្យមិត្តរួមក្រុមស៊ុតបាន ២ ដង ប៉ុន្តែមិនទាន់អាចរកគ្រាប់ស៊ុតបញ្ចូលទីបាននៅឡើយទេ ៕

    ដោយ៖ តារា

    ប្រភព :
    Tribuna
    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី