
អតីតគ្រូពេទ្យប្រចាំក្លឹប Bayern München លោក Hans-Wilhelm Muller-Wohlfahrt បានចោទប្រកាន់លោក Pep Guardiola អតីតគ្រូបង្វឹកក្លឹបនេះ ថាមិនបានខ្វល់ខ្វាយពីសុខភាពរបស់កីឡាករ និងបានបដិសេធរូបគាត់មិនឲ្យពិនិត្យអ្នកជំងឺ។ Muller-Wohlfahrt បានចាកចេញពីក្លឹបនៅឆ្នាំ ២០១៥ ដោយបានចោទលោក Guardiola ថាបានធ្វើការទម្លាក់កំហុសមកលើផ្នែកគ្រូពេទ្យទាំងស្រុងដោយអយុត្តិធម៌បន្ទាប់ពីក្រុមនេះចាញ់ Porto ក្នុងលទ្ធផល ៣-១។
លោកគ្រូពេទ្យបានជម្រាបប្រាប់ ZDF ថា៖ “លោក Guardiola ពិតជាមិនអើពើទាល់តែសោះលើវីជា្ជជីវៈគ្រូពេទ្យ។ មិនមែនគ្រាន់តែរបួសជាគឺសុទ្ធតែអាចលេងបាននោះទេ យើងត្រូវទុកពេលវេលាខ្លះឲ្យគាត់ស៊ាំនឹងបរិយាកាសក្រោយជាពីរបួស។ និយាយរួមទង្វើនេះគឺប្រឆាំងនឹងទស្សនៈវិជ្ចារបស់ខ្ញុំទាំងស្រុង។ គាត់បន្ទាបវិជ្ជាជីវៈរបស់ខ្ញុំ ហើយចង់មកបញ្ជាលើខ្ញុំថែមទៀត”។
“គាត់មានភាពជឿជាក់លើកខ្លួនឯងជ្រុលពេក ហើយគិតថាខ្លួនឯងដឹងនូវរឿងគ្រប់យ៉ាងច្រើនជាងអ្នកដទៃ។ ទោះយ៉ាងណាខ្ញុំក៏ជាបុគ្គលម្នាក់សំខាន់ដែរក្នុងក្លឹប។
គាត់អាចនឹងទ្រាំពុំបានពេលដែលខ្ញុំសម្តែងអាកប្បកិរិយាស្មើគាត់ ពោលគឺគាត់ចង់ឲ្យខ្ញុំនៅទាបជាងគាត់ ដូច្នេះទើបគាត់ប្រើគ្រប់ វិធីដើម្បីទម្លាក់ជំនាញរបស់ខ្ញុំ”។
គួរបញ្ជាក់ផងដែរថា Guardiola មិនមែនជាអ្នកចាត់ការក្លឹបតែល្បីខាងមិនយកចិត្តទុកដាក់នឹងរបាយការណ៍សុខភាពតែឯងនោះទេ ក្នុងគ្រានោះ Jose Mourinho ក៏មានរឿងអាស្រូវដូចគ្នានេះដែរជាមួយគ្រូពេទ្យ Eva Carneiro ។ ការចោទប្រកាន់របស់ Muller-Wohlfahrt បានឆ្លុះបញ្ចាំងថាទំនាក់ទំនងរវាងបុគ្គលពីរនាក់ ដែលម្នាក់គិតរឿងចាញ់ឈ្នះ ឯម្នាក់ទៀតត្រូវគិតលើសុខភាព និងសុវត្ថិភាពរបស់កីឡារ គឹមានភាពផុយស្រួយងាយនឹងប្រេះឆាណាស់ ៕
ដោយ៖ Dara Hunii