Ronaldo ទី២ នឹងទទួលបានប្រាក់ឈ្នួលជិត ៤ លានដុល្លារក្នុងមួយឆ្នាំ នៅ Atletico Madrid

9889
  • Joao Felix នឹងចុះហត្ថលេខាលើកិច្ចសន្យារយៈពេល ៥ ឆ្នាំ ដោយទទួលបានប្រាក់ឈ្នួលចំនួន ៣,៥ លានអឺរ៉ូក្នុងមួយរដូវកាលនៅក្នុងក្លឹប Atletico Madrid ប្រសិនបើ Benfica យល់ព្រមលក់ខ្សែប្រយុទ្ធរូបនេះក្នុងតម្លៃទិញផ្ដាច់កុងត្រាចំនួន ១២៦ លានអឺរ៉ូ ( ១៤៣ លានដុល្លារ) ។

    Benfica បានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធបានបញ្ជាក់ថា ភាគីខាងអេស្ប៉ាញបានផ្តល់ជូននូវសំណើមួយដែលលើសពីតម្លៃទិញផ្ដាច់កុងត្រា សម្រាប់ខ្សែប្រយុទ្ធវ័យ ១៩ ឆ្នាំរូបនេះ ។ បើទោះបី Benfica កំពុងពិចារណាលើកិច្ចព្រមព្រៀងនេះហើយមិនទាន់បានប្រកាសពីការសម្រេចចិត្តក៏ដោយក៏ Felix ត្រូវបានគេរំពឹងថា នឹងបង្ហាញខ្លួនជាកីឡាករ Atletico Madrid នាពេលអនាគត ។

    Felix នឹងក្លាយជាកីឡាករដែលមានតម្លៃថ្លៃជាងគេក្នុងប្រវត្តិសាស្ត្ររបស់ក្លឹបយក្សអេស្ប៉ាញ Atletico Madrid ប្រសិនបើ Benfica យល់ព្រមលក់កីឡាករវ័យក្មេងរូបនេះពិតមែន ។ ប្រសិនបើកិច្ចព្រមព្រៀងកើតឡើងពិតមែន នោះខ្សែប្រយុទ្ធសញ្ជាតិព័ទុយហ្គាល់រូបនេះ នឹងបង្ហាញខ្លួនជាផ្លូវការនៅថ្ងៃទី ៤ ខែកក្កដា ពោលគឺមុនពេល ៣ ថ្ងៃដែលពួកគេចាប់ផ្តើមការត្រៀមរៀបចំការប្រកួតទេសចរណ៍មុនបើករដូវកាល ។

    សូមរំលឹកផងដែរ Joao Felix បានចូលរួមជាមួយថ្នាល់យុវជនរបស់ក្លិប Benfica ពីក្លិប Porto កាលពីឆ្នាំ ២០១៥ និងបានបង្ហាញខ្លួនឱ្យឈុតធំត្រឹមរដូវកាល ២០១៨/២០១៩ នេះ ប៉ុណ្ណោះ ដោយលេងបាន ៤៣ ប្រកួតស៊ុតបញ្ចូលទីបានចំនួន ២០ គ្រាប់ ក្រោយបង្ហាញខ្លួនល្អស្ទើរមិនគួរឱ្យជឿនៅរដូវកាលដំបូង បានធ្វើឱ្យកីឡាកររូបនេះ ត្រូវបានគេប្រដូចជាមួយកំពូលកីឡាករ Cristiano Ronaldo ដោយបានគេដាក់រហ័សនាមថា Ronaldo ទី២ ថែមទៀតផង ៕

    ដោយ៖ តារា

    ប្រភព :
    Goal
    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី