
ក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសហូឡង់ Lightyear បានដាក់បង្ហាញរថយន្តអគ្គិសនីថ្មីរបស់ខ្លួន ដែលមានឈ្មោះថា Lightyear One ។ ក្រុមហ៊ុននេះគ្រោងចាប់ផ្តើមផលិត Lightyear One នៅក្នុងឆ្នាំ ២០២១ ដោយមានចំនួនកំណត់ត្រឹមតែចំនួន ៥០០ គ្រឿងប៉ុណ្ណោះ ។
បើទោះបីជា Lightyear One ដែលនៅសល់ពេលប៉ុន្មានឆ្នាំទៀត មុនពេលចូលសង្វាក់ផលិតកម្ម ប៉ុន្តែក្រុមហ៊ុនខាងលើបានបង្ហាញសមត្ថភាពរបស់វារួចទៅហើយ ដោយវាអាចបើកបរបានចម្ងាយរហូតដល់ទៅ ៧២៥ គីឡូម៉ែត្រឯណោះ រាល់ពេលសាកភ្លើងពេញម្តង ។ មិនតែប៉ុណ្ណោះ ដំបូល និង ដំបូលម៉ាស៊ីនរថយន្ត Lightyear one គឺជាផ្ទាំងសូឡាដែលអាចស្រូបយកថាមពលពីពន្លឺព្រះអាទិត្យ និង បន្ថែមចម្ងាយបើកបរពី ៥០ ទៅ ៧០ គីឡូម៉ែត្រទៀតផង ។ ក្រុមហ៊ុន Lightyear អះអាងថាដំបូលសូឡានោះរឹងមាំខ្លាំងរហូតអាចដើរលើវាក៏បានដែរ ។
តែទោះជាយ៉ាងណាក៏ដោយរូបរាងរបស់ Lightyear One នៅមិនទាន់សម្រេចផ្លូវការនៅឡើយទេ ។ Lightyear ក៏បានបង្ហើបតម្លៃនៃរថយន្តអគ្គិសនីរបស់ខ្លួនដែរ គឺមានតម្លៃរហូតដល់ ១៧០,០០០ ដុល្លារក្នុងមួយគ្រឿង ខណៈចំនួន ១០០ គ្រឿងដំបូងត្រូវបានគេកក់រួចបាត់ទៅហើយ ៕
ដោយ៖ ស្រស់