អគ្គលេខាធិការសហព័ន្ធកីឡាហែលទឹក៖ ការធ្វើជាម្ចាស់ផ្ទះជើងឯកអាស៊ីអាគ្នេយ៍ គឺដើម្បីស្វែងយល់ពីចំនុចខ្វះខាតត្រៀមស៊ីហ្គេម២០២៣

30865
  • អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹក លោក ហែម គីរី បញ្ជាក់ថា ការធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាហែលទឹកជើងឯកយុវជនអាស៊ីអាគ្នេយ៍ លើកទី ៤៣ ឆ្នាំ ២០១៩ នេះ គឺដើម្បីស្វែងយល់ពីចំនុចខ្វះខាត ត្រៀមស៊ីហ្គេម ឆ្នាំ ២០២៣ ។

    ការថ្លែងដូច្នេះធ្វើឡើងក្នុងពិធីបើកការប្រកួតកីឡាហែលទឹក យុវជនអាស៊ីអាគ្នេយ៍ លើកទី ៤៣ នៅអាងហែលទឹក នៃពហុកីឡដ្ឋានជាតិមរតកតេជោ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ បានបើកឲ្យដំណើរការជាផ្លូវការហើយ ដោយមានកីឡាករ កីឡាការិនី មកពី ៩ ប្រទេស និងម្ចាស់ផ្ទះកម្ពុជា សរុប ១០ ប្រទេស ក្រោមអធិបតីភាព ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និង ដឹកជញ្ជូន និងជាប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក ។

    លោក ហែម គីរី បន្តថា គោលបំណងសំខាន់ ក្នុងការទទួលធ្វើម្ចាស់ផ្ទះនេះ គឺពង្រឹងសមត្ថភាពមន្រ្តីរបស់សហព័ន្ធ ក្នុងការរៀបចំការប្រកួតជាលក្ខណៈអន្តរជាតិ ក្រោយពីខកខានការរៀបចំតាំងពីឆ្នាំ ១៩៦៧ ជាម្ចាស់ផ្ទះកីឡា Games Garnefo អាស៊ី លើកទី១ ។ ចំណុចមួយទៀតក៏ចង់ឱ្យបណ្តាប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ មើលឃើញពីការរីកចម្រើនរបស់កម្ពុជា លើគ្រប់វិស័យជាពិសេសវិស័យកីឡាតែម្តង ។ លោក បន្ថែមទៀតថា ការរៀបចំនេះដែរសហព័ន្ធចង់ដឹង និងស្វែងយល់ពីចំនុចខ្វះខាត យកទៅមកែសម្រួលនូវចំនុចខ្វះចន្លោះ ដើម្បីត្រៀមលក្ខណៈទទួលរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី ៣២ ឆ្នាំ ២០២៣ ដែលប្រទេសកម្ពុជាទទួលរៀបចំជាម្ចាស់ផ្ទះ ។

    សូមបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាហែលទឹកជើងឯកអាស៊ីអាគ្នេយ៍ លើកទី៤៣ នៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ ២០១៩ នេះមានប្រតិភូ គ្រូបង្វឹក និងកីឡាករ កីឡាការិនី ចូលរួមមាន ៤០៨ នាក់ ក្នុងនោះមានកីឡាករ សរុបចំនួន ១៦៨ នាក់ និង កីឡាការិនី សរុបចំនួន ១៤៩ នាក់ ដែលដំណើរការនេះ ទទួលបានការឧបត្ថម្ភផ្ទាល់ ពីក្រសួងសាធារណការ និង ដឹកជញ្ជូន , សហការពីក្រុមហ៊ុនខ្មែរប្រ៊ូវើរី , ក្រសួងអប់រំ យុវជន និងកីឡា , គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និង ស្ថាប័នជាច្រើនទៀត  ៕

    ដោយ៖ តារា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី