រាជរដ្ឋាភិបាល ផ្តល់ប្រាក់រង្វាន់លើកទឹកចិត្តជាង ៤៧១ លានរៀលលើ ៣ ប្រភេទកីឡាដែលឈ្នះមេដាយពីព្រឹត្តការណ៍អន្តរជាតិ

9072
  • កាលពីព្រឹកថ្ងៃទី ២៨ ខែមិថុនានេះ ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំពិធី ប្រគល់ប្រាក់រង្វាន់របស់រាជរដ្ឋាភិបាលកម្ពុជាដល់កីឡាករ-កីឡាការិនីជយលាភីចំនួន ៣ ប្រភេទកីឡា រួមមានកីឡាប៉េតង់, តុងហ្គីលម៉ូដូ និង កីឡាសូហ្វតេន្នីស ក្រោយចូលរួមការប្រកួតអន្ដរជាតិចំនួន ៤ ព្រឹត្តិការណ៍ដោយមានទឹកប្រាក់សរុប ៤៧១,១០០,០០០ រៀល ។

    ពិធីប្រគល់ប្រាក់រង្វាន់លើកទឹកចិត្តនេះ បានធ្វើឡើងក្រោមវត្តមាន ឯកឧត្តម ស សុខា រដ្ឋលេខា ធិការក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា រួមទាំងមន្ដ្រីក្រោមឱវាទ ប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនី ជ័យលាភីផងដែរ ។ ឯកឧត្តម ស សុខា មានប្រសាសន៍ថា នេះគឺជាមោទកភាព ដែលកីឡាករ-កីឡាការិនី ដណ្ដើមបានមេដាយលើឆាកអន្ដរជាតិ ហើយបានបង្ហាញទង់ជាតិ លើឆាកអន្ដរជាតិ តាមរយៈការចូលរួមប្រកួតក្នុងព្រឹត្តិការណ៍អន្ដរជាតិនានា ដោយស្មើមុខមាត់ជាមួយបណ្ដាប្រទេស លើពិភពលោក ។ ដូច្នេះស្របពេលប្រទេសជាតិមានកំណើនសេដ្ឋកិច្ចខ្ពស់ រាជរដ្ឋាភិបាល ក៏បានរៀបចំនូវថវិកា សម្រាប់លើកទឹកចិត្តដល់កីឡាករ-កីឡាការិនី ដណ្ដើមបានជ័យលាភីផងដែរ ។

    ចំពោះសមិទ្ធផល និងប្រាក់រង្វាន់ ត្រូវបានប្រគល់ខាងលើ រួមមានកីឡាប៉េតង់ បានចូលរួមប្រកួតជ្រើសរើសជើងឯកអាស៊ី លើកទី១ ឆ្នាំ ២០១៨ នៅប្រទេសឥណ្ឌា ដណ្ដើមបានមេដាយប្រាក់ ៨ គ្រឿង ទទួលបានប្រាក់រង្វាន់សរុប ១៣០ លានរៀល ។ កីឡាតុងហ្គីលម៉ូដូ ចូលរួមប្រកួតជើងឯកពិភពលោក ឆ្នាំ ២០១៨ នៅប្រទេសឥណ្ឌា ដណ្ដើមបានមេដាយមាស ១ និងសំរឹទ្ធ ២ ទទួលបានប្រាក់រង្វាន់សរុប ៦៦ លានរៀល ។ ដោយឡែកកីឡាសូហ្វតេន្នីស បានចូលរួមប្រកួត ២ ព្រឹត្តិការណ៍ ក្នុងនោះចូលរួមប្រកួតជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ ២០១៨ នៅហ្វីលីពីន ឈ្នះមេដាយមាស ៤ , ប្រាក់ ១៣ និងសំរឹទ្ធ ៧ គ្រឿង ទទួលបានប្រាក់រង្វាន់សរុប ២១៧,៩០០,០០០ រៀល និង ចូលរួមប្រកួតកីឡាសូហ្វតេន្នីសជ្រើសរើសជើងឯកយុវជនពិភពលោក លើកទី២ នៅសាធារណៈរដ្ឋកូរ៉េ ឈ្នះមេដាយសំរឹទ្ធ ទទួលបានប្រាក់រង្វាន់សរុប ៥៧,២០០,០០០ រៀល ៕

    ដោយ៖ តារា

    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី