អតីតខ្សែការពារឆ្វេងឆ្នើមរបស់ប្រេស៊ីល Roberto Carlos ជឿថា Neymar ត្រូវតែទៅ PSG ដើម្បីគេចចេញពីស្រមោលរបស់ Lionel Messi និង Cristiano Ronaldo ។
កីឡាករវ័យ ២៦ ឆ្នាំរូបនេះបានចូលរួមជាមួយ Paris ក្រោយចាកចេញពី Barcelona នៅពេលទីផ្សារដោះដូរកីឡាករនៅរដូវក្តៅបើកចុងក្រោយនៅអ៊ឺរ៉ុប ក្នុងតម្លៃខ្លួនថ្លៃជាងគេបំផុតលើលោកគឺ ២២២ លានអឺរ៉ូ។ ចាប់តាំងពីពេលនោះមក គាត់ត្រូវបានគេសង្ស័យថាអាចនឹងវិលត្រឡប់ទៅកាន់ប្រទេសអេស្ប៉ាញវិញ ប៉ុន្តែ Roberto Carlos យល់ថា Neymar ចាកចេញមកនេះគឺត្រឹមត្រូវហើយ។
គាត់បានប្រាប់ទៅសារព័ត៌មាន France Football ថា៖ “ខ្ញុំគិតថា គាត់ធ្វើត្រូវដែលចុះកុងត្រាជាមួយ PSG ។ ដើម្បីក្លាយជាកីឡាករដ៏ឆ្នើមបំផុតនៅលើលោក គាត់ត្រូវចាកចេញពី Barcelona ដោយសារតែ Messi ។ គាត់ត្រូវតែដឹងថា នៅពេលដែល Messi និង Cristiano ឡើងជើង គាត់នឹងត្រូវឈរនៅចំណាត់ថ្នាក់ទីបី “។
សម្តីទាំងនេះអាចធ្វើឲ្យអ្នកគាំទ្ររបស់ Real Madrid មានការខកចិត្ត ព្រោះពួកគេគិតថា Neymar អាចនឹងផ្ទេរទៅក្លឹបយក្សនៅអេស្ប៉ាញមែន។ បើទោះបីជារូបគាត់ធ្លាប់បានលេងឲ្យក្លឹប Los Blancos (Real) ចន្លោះឆ្នាំ ១៩៩៦ និង ២០០៧ ក៏ដោយ ក៏ Roberto Carlos យល់ថា បច្ចុប្បន្ននេះ Neymar កំពុងតែស្ថិតនៅក្នុងបរិយាកាសដែលស័ក្តិសមជាងនៅទឹកដី Santiago Bernabeu ។
ខ្សែប្រយុទ្ធឆ្វេងរូបនេះស៊ុតបញ្ចូលទីបាន ១៩ គ្រាប់ក្នុងការបង្ហាញខ្លួននៅ Ligue 1 ចំនួន ២០ លើកសម្រាប់ PSG ហើយគាត់មុខជាស្រេកឃ្លានគ្រាប់បាល់បន្ថែមទៀត នៅពេលដែលគាត់បានជាសះស្បើយពីរបួស ៕
ដោយ៖ Dara Hunii