អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹក ដាក់គោលដៅធំៗ ២ ក្រោយមិនទទួលបានជោគជ័យពីការធ្វើជាម្ចាស់ផ្ទះ

10182
  • ក្រោយមិនទទួលបានជោគជ័យ ពីការធ្វើជាម្ចាស់ផ្ទះព្រឹត្តការណ៍កីឡាហែលទឹកជើងឯកយុវជន អាស៊ីអាគ្នេយ៍ លើកទី៤៣ ឆ្នាំ ២០១៩ លោក ហែម គីរី អគ្គលេខាធិការ សហព័ន្ធខ្មែរកីឡាហែលទឹក បានដាក់គោលដៅសំខាន់ធំៗចំនួន ២ គឺ៖
    ទី១-រៀបចំផែនការហ្វឹកហាត់រយៈពេលវែង សម្រាប់អត្តពលិកវ័យក្មេង ដោយចាប់ផ្តើមពីឥឡូវនេះ ដោយមិនអាចពន្យាពេលទៀតឡើយ ។
    ទី២- គ្រូបង្វឹក ត្រូវតែព្យាយាមរកគ្រូដែលមានទេពកោសល្យ នឹងមានចំណេះដឹងសម្រាប់ផែនហ្វឹកហាត់ដល់ក្មេងៗដើម្បីបំពេញបន្ថែមលើនូវចំណុចខ្វះខាត ។

    លោក ហែម គីរី បន្ថែមទៀតថាការធ្វើជាម្ចាស់ផ្ទះលើកនេះ៖ ” យើងមិនទទួលបានមេដាយ ប៉ុន្តែកីឡាករ កីឡាការិនីវ័យក្មេងយើង បានបំបែកសិទ្ធផលច្រើនណាស់ ជាពិសេសអត្តពលិក ៣ នាក់ ដែលទៅហ្វឹកហាត់នៅជប៉ុន” ។ ជាមួយគ្នានេះ សហព័ន្ធកីឡាហែលទឹកអាស៊ីអាគ្នេយ៍ និង គណៈកម្មការបច្ចេកទេសអន្តរជាតិ បានសរសើរមន្រ្តីសហព័ន្ធកម្ពុជាថា មានសមត្ថភាពដឹកនាំការប្រកួតជាលក្ខណៈអន្តរជាតិ ដូចធ្លាប់បានធ្វើអញ្ចឹង ហើយក្នុងមន្រ្តីសហព័ន្ធកម្ពុជា ២ រូប គឺលោក នាង សុរិត្យា និងលោក ឆាយ ភិរម្យ ត្រូវបានផ្តល់ទំនុកចិត្តឱ្យចូលរួមតួនាទីសំខាន់ ២ ក្នុងព្រឹត្តការណ៍ ជើងឯកអាស៊ីអាគ្នេយ៍ លើកទី ៤៣ នេះ ។ អគ្គលេខាធិការរូបនេះ បន្តថា ផែនការបន្ទាប់ គឺជំរុញការហ្វឹកហាត់រយៈពេលវែងសម្រាប់កីឡាករ កីឡាការិនីថ្នាល បណ្តុះបណ្តាលអាជ្ញាកណ្តាល ចៅក្រម និងមន្រ្តីសហព័ន្ធ ឱ្យមានសមត្ថភាពគ្រប់គ្រាន់អាចរៀបចំព្រឹត្តការណ៍ជាលក្ខណអន្តរជាតិបាន តាមរយៈបង្កើតព្រឹត្តការណ៍ប្រកួតឱ្យបានច្រើន ដើម្បីបង្កើនសិទ្ធផលកីឡាករ កីឡាការិនីផង និងបង្កើនសមត្ថភាពមន្រ្តីសហព័ន្ធផងដែរ ។

    ចំពោះលទ្ធផល នៃការប្រកួត ជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ ២០១៩ វៀតណាម ឈរលេខ១ ដណ្តើមមេដាយសរុប ១០៩ គ្រឿង មាស ៤៣ ប្រាក់ ៤១ និងសំរិទ្ធ ២៥ លេខ២ ថៃ ដណ្តើមមេដាយសរុប ៧៦ គ្រឿង មាស ២៨ ប្រាក់ ១៨ និងសំរិទ្ធ ៣០ សិង្ហបុរី ជាប់ចំណាត់ថ្នាក់លេខ៣ ដណ្តើមមេដាយសរុប ៤៣ គ្រឿង មាស ១១ ប្រាក់ ១៨ និងសំរិទ្ធ ១៨ ឥណ្ឌូនេស៊ី លេខ៤ ដណ្តើមបានមេដាយសរុប ២០ គ្រឿង មាស ១០ ប្រាក់ ៣ និងសំរិទ្ធ ៧ លេខ៥ គឺប្រទេសហ្វីលីពីន ដណ្តើមមេដាសរុប ៣០ គ្រឿង មាស ៨ ប្រាក់ ១៣ និងសំរិទ្ធ ៩ ម៉ាឡេស៊ី លេខ៦ ដណ្តើមបានមេដាយសរុប ៣៧ គ្រឿង មាស ៧ ប្រាក់ ១៣ និងសំរិទ្ធ ១៧ ខណៈកម្ពុជា ឡាវ ប្រ៊ុយណេ និងមីយ៉ាន់ម៉ា មិនដណ្តើមបានមេដាយនោះទេ ៕

    ដោយ៖ តារា

    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី