អនុប្រធានសហព័ន្ធកីឡាទូកកានូនិងរ៉ូអ៊ីងកម្ពុជា ចាត់ទុកការបណ្តុះបណ្តាល មន្រ្តី កីឡាករ និងគ្រូបង្វឹក នៅតាមភូមិភាគ ជាយុទ្ធសាស្រ្តពង្រីកធនធានប្រកបដោយគុណភាព

16768
  • ថ្លែងក្នុងពិធីបិទវគ្គបណ្តុះបណ្តាលហ្វឹកហ្វឺន កីឡាទូកប្រពៃណីទូកនាគ ទូកការនូ កាយ៉ាក់ ភូមិភាគបឹងទន្លេសាប លើកទី១ នៅខេត្តកំពង់ឆ្នាំង ភូមិភាគទី៣ ឆ្នាំ ២០១៩ នេះ ជូនដល់មន្រ្តីការិយាល័យ នៃមន្ទីរអប់រំយុវជន និងកីឡា គ្រូបង្វឹក និងកីឡាករ ឯកឧត្តម មាស សារិន អនុប្រធានសហព័ន្ធកីឡាទូក ទូកកានូ និងរ៉ូអ៊ីងកម្ពុជា បានបញ្ជាក់ថា បានចាត់ទុកការបណ្តុះបណ្តាល មន្រ្តី កីឡាករ និងគ្រូបង្វឹក នៅតាមភូមិភាគ គឺជាយុទ្ធសាស្រ្តពង្រីកធនធានមនុស្សត្រៀមប្រជែងលើឆាកអន្តរជាតិ ប្រកបដោយគុណភាព ។

    ដោយឡែកលោក នង សារុន ប្រធានការិយាល័យកីឡា នៃមន្ទីរអប់រំយុវជន និងកីឡា ខេត្ត កំពង់ឆ្នាំង បានលើកឡើងថា វគ្គបណ្តុះបណ្តាលនេះពិតជាមានសារៈសំខាន់ សម្រាប់មន្រ្តីការិយាល័យកីឡា គ្រូបង្វឹក និងកីឡាករ ព្រោះថា បានបង្រៀនច្រើនអំពីជំនាញបច្ចេកទេសទូក និងទ្រឹស្តីអនុវត្តផែនការអភិវឌ្ឍន៍កីឡាទូក ក្នុងមូលដ្ឋានឲ្យរីកចំរើន ។
    ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាល ខេត្តកំពង់ឆ្នាំង មានប្រសាសន៍ថា វគ្គបណ្តុះបណ្តាដែលសហព័ន្ធបើកនេះ ពិតជាបានរួមចំណែកអភិវឌ្ឍន៍សមត្ថភាពមន្រ្តី គ្រូបង្វឹក និងកីឡាករ ក្នុងភូមិភាគបឹងទន្លេសាប ព្រោះថា ពួកគេនឹងទទួលបាននូវបទពិសោធន៍ បច្ចេកទេស ចំណេះដឹងការគ្រប់គ្រងកីឡាករ កីឡាការិនី សម្រាប់ការហ្វឹកហាត់ និងយុទ្ធសាស្រ្តស្វែងរកទីផ្សារ សម្រាប់ការឧបត្ថម្ភទ្រទ្រង់នៅមូលដ្ឋានដើម្បីអភិវឌ្ឍន៍រីកចំរើន ឈានទៅប្រជែងដណ្តើមមុខមាត់ជូនខេត្ត ។ ឯកឧត្តម អភិបាលខេត្ត ក៏បានជម្រុញឲ្យសិក្ខាកាមភូមិភាគបឹងទន្លេសាបទាំង ៦ ខេត្ត ត្រូវយកចំណេះដឹងពីការបណ្តុះបណ្តាលនេះ ទៅអនុវត្តឲ្យបានជោគជ័យនូវតាមមូលដ្ឋាន ខេត្តរបស់ខ្លួន ដើម្បីកីឡាទូកមានសក្តានុពលខ្លាំងនៅកម្ពុជា ។

    សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលហ្វឹកហ្វឺនកីឡាទូកប្រពៃណី ទូកនាគ ទូកកានូ កាយ៉ាក់ ភូមិភាគបឹងទន្លេសាប លើកទី១ មានរយៈពេល ២ ថ្ងៃ មានសិក្ខាកាមសរុប ៦៥ នាក់ មកពី ៦ ខេត្ត មានដូចជា កំពង់ឆ្នាំង បាត់ដំបង សៀមរាប បន្ទាយមានជ័យ ពោធិសាត់ និងប៉ៃលិន ក្នុងនោះ សិក្ខាកាមដែលទទួលបានលទ្ធផលនិន្ទេសល្អ ១៥% និន្ទេសមធ្យម ៧៥% និងខ្សោយ ១០% ៕

    ដោយ៖ តារា

    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី