
មុនការប្រកួតរបស់ក្រុម Real Madrid តទល់នឹង Las Palmas លោក Zinedine Zidane បានជួបជាមួយនឹងអ្នកសារព័ត៌មានដោយត្រូវបានសួរដេញដោលអំពីអនាគតរបស់គាត់ក្នុងនាមជាគ្រូបង្វឹកនៃក្លឹបមួយនេះ។ មានពាក្យចចាមរាមជាច្រើនជុំវិញគ្រូបង្វឹកសញ្ជាតិបារាំងរូបនេះ ក្រោយពេលដែលការចាប់ផ្តើមរដូវកាលថ្មីមិនបានលទ្ធផលល្អ ហើយដោយសារតែបញ្ហានេះ មានមន្ទឹលជាច្រើនទាក់ទងនឹងថាតើលោកនឹងបន្តនៅក្លឹបនេះទៀត ឬ យ៉ាងណានៅរដូវកាលក្រោយ។
លោកបានបញ្ជាក់ថា “បាទ! ខ្ញុំចង់នៅធ្វើជាគ្រូបង្វឹករបស់ Real Madrid ជាបន្តដូចសព្វមួយដងចឹង ពីព្រោះខ្ញុំចូលចិត្តបាល់ទាត់ ខ្ញុំចូលចិត្តអ្វីដែលខ្ញុំធ្វើរាល់ថ្ងៃ ហើយខ្ញុំដឹងយ៉ាងប្រាកដថាពេលនេះខ្ញុំស្ថិតនៅចំណុចណា។ តែអ្នកទាំងអស់គ្នាសុទ្ធតែបានដឹងហើយថាបាល់ទាត់វាយ៉ាងម៉េច។ ប្រសិនវាអាស្រ័យលើខ្ញុំនោះ ខ្ញុំនឹងបន្តនៅ Real Madrid ហើយផែនការរបស់ខ្ញុំគឺនៅឲ្យបានយូរបំផុតតាមដែលអាចធ្វើទៅបាន”។
“គឺខ្ញុំបានបញ្ជាក់វាច្រើនលើកមកហើយ តែអ្វីដែលជាបញ្ហានោះគឺ នៅ Madrid អ្វីៗគឺអាស្រ័យលើលទ្ធផល។ ខ្ញុំនៅទីនេះ ១៨ ឆ្នាំហើយ ហើយខ្ញុំបានដឹងយ៉ាងច្បាស់ថា Real Madrid យ៉ាងម៉េច។ ខ្ញុំចូលចិត្តអ្វីដែលខ្ញុំកំពុងធ្វើ ហើយខ្ញុំចង់បន្តធ្វើវាទៅមុខទៀត”។
នេះជាការបញ្ជាក់យ៉ាងច្បាស់ពីសំណាក់គ្រូបង្វឹកដែលដឹកនាំក្រុមឈ្នះជើងឯក Champions League ពីរលើកមកហើយ ដែលថាលោកចង់នៅដឹកនាំបន្តទៀត ៕
ដោយ៖ Dara Hunii