អន្តរក្រសួងនឹងរឹតបន្ដឹងវិធានការ ជម្រុញអាជីវករកាណូតទេសចរណ៍អនុវត្តការបង់ពន្ធ

7296
  • ក្រសួងទេសចរណ៍ និងក្រសួង-ស្ថាប័នពាក់ព័ន្ធបានឯកភាពគ្នាបង្កើតគណៈកម្មការអន្តរក្រសួងមួយ ដើម្បីពង្រឹងការអនុវត្តច្បាប់ចំពោះអ្នកប្រកបអាជីវកម្មកាណូតទេសចរណ៍ ជំរុញឱ្យមានការបង់ពន្ធជូនរដ្ឋ និង ពង្រឹងសន្តិសុខសុវត្ថិភាពជូនភ្ញៀវទេសចរឱ្យបានត្រឹមត្រូវ ។
    ក្នុងកិច្ចប្រជុំអន្តរក្រសួង-ស្ថាប័នមួយ ដែលធ្វើឡើងនៅទីស្ដីការក្រសួងទេសចរណ៍ នាព្រឹក ថ្ងៃទី០១ ខែកក្កដា ឆ្នាំ ២០១៩ ឯកឧត្តម ជា បូរ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍ និង ជាប្រធានអង្គប្រជុំ បានលើកឡើងថា ដើម្បីជំរុញឱ្យអ្នកប្រកបអាជីវកម្មកាណូតទេសចរណ៍ ចូលបង់ពន្ធនាំចូលយានយន្ត របស់ពួកគេ ឱ្យដូចទៅនឹងអ្នកប្រកបអាជីវកម្មដទៃ អន្តរក្រសួង-ស្ថាប័ននឹងស្នើទៅរាជរដ្ឋាភិបាល ក្នុងការបង្កើតគណៈការអន្តរក្រសួងមួយឱ្យបានឆាប់នាពេលខាងមុខ ដើម្បីចុះដោះស្រាយបញ្ហាពន្ធ និង បញ្ហាប្រឈមមួយចំនួន ។

    ឯកឧត្តម ជា បូរ៉ា បានឱ្យដឹងថា សមាសភាពដែលនឹងចូលរួមជាមួយគណៈកម្មការអន្តរក្រសួងនេះ រួមមាន៖ ក្រសួងទេសចរណ៍ ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អគ្គនាយកដ្ឋានពន្ធដារ អគ្គស្នងការនគរបាលជាតិ អគ្គនាយកដ្ឋានគយ និងរដ្ឋាករគយកម្ពុជា និងមន្ទីរអង្គភាពពាក់ព័ន្ធមួយចំនួនទៀត ។ អង្គប្រជុំបានលើកឡើងពីបញ្ហាប្រឈមមួយចំនួន ពាក់ព័ន្ធនឹងការប្រកបអាជីវកម្មកាណូតទេសចរណ៍ ពិសេសនៅរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ ដែលតម្រូវឱ្យអន្តរក្រសួង-ស្ថាប័នរួមគ្នាដោះស្រាយឱ្យបាន ក្នុងនោះរួមមាន៖
    * កាណូតទេសចរណ៍ដែលប្រកបអាជីវកម្មគ្មានពន្ធនាំចូល និងលិខិតស្នាមត្រឹមត្រូវ ។
    * កាណូតទេសចរណ៍ដែលប្រកបអាជីវកម្មគ្មានសៀវភៅត្រួតពិនិត្យបច្ចេកទេស ដែលចេញដោយក្រសួង ឬមន្ទីរសាធារណការ និងដឹកជញ្ជូន ។
    * កាណូតមួយចំនួនផលិត និងដំឡើងក្នុងស្រុកគ្មានស្ដង់ដាគុណភាព ។
    * កាណូតទេសចរណ៍មួយចំនួនមិនគោរពតាមច្បាប់ចរាចរណ៍ផ្លូវទឹក និង ដឹកលើសកម្រិត ព្រមទាំងគ្មានអាជ្ញាបណ្ណ ។
    * កំពង់ផែចំណតគ្មានគ្រប់តម្រូវការសម្រាប់កាណូតទេសចរណ៍ និងមិនគ្រប់បំពេញតាមតម្រូវការស្ដង់ដាសុវត្ថិភាព ជាហេតុធ្វើឱ្យកាណូតចតដោយគ្មានសណ្ដាប់ធ្នាប់ និងពិបាកគ្រប់គ្រង ។

    ក្រោយបញ្ចប់កិច្ចប្រជុំ លោក ឈុន មករា ប្រធាននាយកដ្ឋានគ្រប់គ្រង់ទីភ្នាក់ងារ និងដឹកជញ្ជូនទេសចរ នៃក្រសួងទេសចរណ៍ បានលើកឡើងថា បច្ចុប្បន្នមានកាណូតទេសចរណ៍ នៅទូទាំងប្រទេស ១២៤ គ្រឿង (រាជធានីភ្នំពេញ និងខេត្តព្រះសីហនុ) ក្នុងនោះគ្មានអាជ្ញាបណ្ណប្រកបអាជីវកម្ម ១៦ គ្រឿង និងមានអាជ្ញាបណ្ណបណ្ដោះអាសន្នចំនួន ៣៥ គ្រឿង ប៉ុន្តែកាណូតទេសចរណ៍ទាំងនោះ សុទ្ធតែមិនទាន់បានបង់ពន្ធនៅឡើយទេ ។ ឯកឧត្តម ថា អាជ្ញាបណ្ណបណ្ដោះអាសន្ន គឺផ្ដល់ឱ្យអាជីវកម្មដែលមិនទាន់មានឯកសារស្របច្បាប់គ្រប់គ្រាន់ ដោយទុករយៈពេលតែ ៩០ ថ្ងៃទេ តែបើនៅតែមិនទាន់មានឯកសារគ្រប់គ្រាន់ទៀត ក្រសួងមិនបន្តសុពលភាពឱ្យទៀតឡើយ ។
    ឯកឧត្តម ឈុន មករា បានបន្តថា ការបង់ពន្ធជូនរដ្ឋនឹងត្រូវអនុវត្តគ្រប់ប្រភេទកាណូតទេសចរណ៍ ដែលប្រកបអាជីវកម្មក្នុងប្រទេស ខណៈឯកឧត្តម ជា បូរ៉ា ក៏បានលើកឡើងក្នុងអង្គប្រជុំដែរថា លើកនេះនឹងមានការឹតបន្ដឹងធ្វើយ៉ាងណាឱ្យអាជីវករទាំងនោះត្រូវតែមកបង់ពន្ធនាំចូលយានយន្តរបស់ខ្លួន ពីព្រោះកន្លងមកមានការសម្របសម្រួលទន់ភ្លន់ច្រើនលើកហើយ តែអាជីវករនៅតែមិនព្រមអនុវត្តតាមច្បាប់ ។

    ឯកឧត្តម ក៏បានជម្រាបដែរថា ចំពោះអាជីវកម្មកាណូតទេសចរណ៍ដែលចង់បង្កើតថ្មី ឬ អាជីវករចាស់ដែលចង់ពង្រីកអាជីវកម្មរបស់ខ្លួន ត្រូវតែមានឯកសារបង់ពន្ធត្រឹមត្រូវពីស្ថាប័នគយ និងពន្ធដារ ត្រូវមានលិខិតត្រួតពិនិត្យបច្ចេកទេសយានយន្តពីក្រសួងសាធារណការ ទើបក្រសួងទេសចរណ៍ផ្ដល់ជូនអាជ្ញាបណ្ណទេសចរណ៍ និងលិខិតវាយតម្លៃស្ដង់ដាសេវាកម្មទេសចរណ៍ ដែលមានន័យថា អនុញ្ញាតឱ្យអាជីវករប្រកបអាជីវកម្មរបស់ខ្លួនបាន ។ នៅចំពោះមុខការងារដ៏ចាំបាច់នេះ ក្រុមការងារអន្តរក្រសួងក៏បានឯកភាពគ្នាបញ្ចូលសូចនាករ ដែលពាក់ព័ន្ធនឹងការគ្រប់គ្រងស្ដង់ដាកំពង់ផែ និងការពង្រឹងសោភ័ណភាព បរិស្ថាន អនាម័យ សំរាមកាកសំណល់ជាដើមផងដែរ ។ មួយវិញទៀត ដោយសារកន្លងមកធ្លាប់មានករណីលិចកាណូតទេសចរណ៍មួយករណី កើតឡើងនៅខេត្តព្រះសីហនុហើយនោះ ក្រុមការងារអន្តរក្រសួងក៏នឹងជំរុញឱ្យមានការពង្រឹងសុវត្ថិភាពជូនភ្ញៀវទៀតផង ។ ករណីលិចកាណូតទេសចរណ៍ នៅខេត្តព្រះសីហនុ មិនបណ្ដាលឱ្យគ្រោះថ្នាក់ដល់ភ្ញៀវទេសចរឡើយ ដោយមិនពេលកើតហេតុ ភ្ញៀវទេសចរបានចុះពីកាណូតរួចអស់ជាមុន ៕

    ដោយ៖ សំណាង

    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី