ឯ.ឧ គួច ចំរើន ស្នើសុំមន្ត្រីទាំងអស់ឱ្យមានការទទួលខុសត្រូវនិងអនុវត្តឱ្យបានខ្ជាប់ខ្ជួនមិនត្រូវធ្វើការតាមទម្លាប់នោះទេ គឺត្រូវធ្វើតាមច្បាប់

10441
  • ឯកឧត្តម គួច ចំរើន អភិបាលថ្មីនៃខេត្តព្រះសីហនុ បានស្នើសុំមន្ត្រីទាំងអស់ឱ្យមានការទទួលខុសត្រូវ និង អនុវត្តតាមតួនាទីភារកិច្ចរបស់ខ្លួនឱ្យបានខ្ជាប់ខ្ជួន មិនត្រូវធ្វើការតាមទម្លាប់នោះទេ គឺត្រូវការតាមច្បាប់ ។

    ថ្លែងក្នុងកិច្ចប្រជុំបូងជាមួយមន្ត្រីរាជការសាលាខេត្ត បន្ទាប់ពីបានប្រកាសចូលកាន់តំណែងជាអភិបាលខេត្តព្រះសីហនុ កាលព្រឹកថ្ងៃចន្ទ ថ្ងៃទី១ ខែកក្កដា ឆ្នាំ ២០១៩ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍ផ្តាំផ្ញើដល់មន្ត្រីទាំងអស់ត្រូវផ្តើមធ្វើទំនាក់ទំនងគ្នារវាងថ្នាក់ដឹកនាំ និង មន្ត្រីឱ្យបានល្អ ។ ជាមួយនោះក៏បានស្នើសុំមន្ត្រីទាំងអស់ត្រូវមានការទទួលខុសត្រូវ និង អនុវត្តតាមតួនាទីភារកិច្ចរបស់ខ្លួនឱ្យបានខ្ជាប់ខ្ជួន មិនត្រូវធ្វើការតាមទម្លាប់នោះទេ គឺត្រូវធ្វើតាមច្បាប់ជាគោល ។ ទន្ទឹមនោះ ឯកឧត្តម គួច ចំរើន បានគូសបញ្ជាក់ថា មិនមានការរើកកាយរឿងអតីតកាលនោះទេ ។ ពោលមន្ត្រីទាំងអស់ ត្រូវចាប់ដៃគ្នាធ្វើការចាប់ពីពេលនេះតទៅ ដើម្បីអនុវត្តគោលការណ៍ទាំង ១៣ ចំនុចដែលឯកឧត្តបានដាក់ចេញឱ្យទទួលបានជោគជ័យ ។

    បន្ថែមលើសនេះ ឯកឧត្តម បានណែនាំឱ្យរៀបចំប្រតិទិនការងារប្រចាំថ្ងៃរបស់គណៈអភិបាលខេត្ត និង ធ្វើការផ្សព្វផ្សាយនៅលើផេករដ្ឋបាលខេត្ត ។ ចំពោះការតែងតាំងមន្ត្រី គឺនឹងលើកទឹកចិត្តមន្ត្រីដែលមានសមត្ថភាព ជាពិសេសមន្ត្រីជាស្ត្រីដែលមានសក្តានុពល ៕

    ដោយ៖ រ៉ាយូ

    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី