ណាហ្គាវើលដ៍ សហការជាមួយក្រសួងអប់រំ យុវជន និងកីឡា ជួយលើកកម្ពស់វិស័យអប់រំក្នុងប្រទេសកម្ពុជា

16436
  • ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍ និង លើកកម្ពស់វិស័យអប់រំ ក្នុងប្រទេសកម្ពុជា ណាហ្គាវើលដ៍ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MoU) ជាមួយក្រសួងអប់រំ យុវជន និងកីឡាដើម្បីឧបត្ថម្ភសម្ភារសិក្សារយៈពេលមួយឆ្នាំដល់សាលារៀនចំនួន ៥៥ នៅក្នុងខេត្តចំនួន ១១ ពិធីនេះធ្វើឡើងនៅទីស្តីការក្រសួងអប់រំយុវជន និងកីឡា កាលពីថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០១៩ ។

    ជាផ្នែកមួយនៃកម្មវិធីទំនួលខុសត្រូវក្នុងសង្គមរបស់ណាហ្គាវើលដ៍ដែលផ្តោតទៅលើការលើកកម្ពស់វិស័យអប់រំ ការសហការនេះ ក៏នឹងផ្តោតទៅលើការលើកកម្ពស់ការយល់ដឹងអំពីសុវត្ថិភាពអគ្គីភ័យ និង ការឧបត្ថម្ភបំពង់ពន្លត់អគ្គីភ័យនៅតាមអនុវិទ្យាល័យ និងវិទ្យាល័យផងដែរ ។
    នាយកគ្រប់គ្រងណាហ្គាវើលដ៍ លោក Pern Chen បានមានប្រសាសន៍ថា៖ “យើងមានកិត្តិយសយ៉ាងខ្លាំងដែលបានសហការជាមួយក្រសួង ដើម្បីជួយលើកកម្ពស់ការអភិវឌ្ឍវិស័យអប់រំក្នុងព្រះរាជាណាចក្រកម្ពុជា ពីព្រោះវាដើរយ៉ាងសំខាន់ ក្នុងការកសាងប្រទេសជាតិ ។ ចាប់តាំងពីឆ្នាំ ២០១៤ យើងបានចូលរួមធ្វើឲ្យបរិយាកាសនៃការសិក្សារៀនសូត្រប្រសើរឡើង និង បានផ្តល់សម្ភារសិក្សាដល់សិស្សានុសិស្សជាង ១៨១,០០០ នាក់នៅតាមសាលារៀនជាង ១០០ នៅតាមខេត្តចំនួន ១០ ក្នុងប្រទេសកម្ពុជា ។ ក្នុងឆ្នាំនេះ យើងបានពង្រីកគម្រោងនេះទៅកាន់ខេត្តមួយទៀត។ យើងសង្ឃឹមថា ការឧបត្ថម្ភរបស់យើង នឹងជួយគ្រួសារដែលមានជីវភាពខ្វះខាតឲ្យទទួលបានសម្ភារសិក្សាសម្រាប់កូនៗរបស់ពួកគេ ។ សូមរំលឹកថា ក្នុងរយៈពេល ២ ឆ្នាំកន្លងទៅនេះ យើងបានផ្តល់សិក្ខាសាលាស្តីពីសុវត្ថិភាពអគ្គីភ័យផងដែរ ដែលបានផ្តល់ផលប្រយោជន៍ដល់សិស្សានុសិស្សប្រមាណ ៥,០០០ នាក់ ។ ជាមួយអនុស្សរណៈយោគយល់គ្នានេះ យើងក៏នឹងពង្រីកកម្មវិធីលើកកម្ពស់ការយល់ដឹងអំពីសុវត្ថិភាពអគ្គីភ័យនេះទៅដល់សាលារៀនច្រើនជាងមុន ជាពិសេសជួយអប់រំសហគមន៍របស់យើង និង ការពារពួកគេពីមហន្តរាយនៃអគ្គីភ័យ” ។

    ណាហ្គាវើលដ៍បេះដូងសប្បុរស ចាប់ផ្តើមតាំងពីបង្កើតឡើង ក្នុងឆ្នាំ ១៩៩៥ ណាហ្គាវើលដ៍ បាននិងកំពុងធ្វើសកម្មភាពសង្គមប្រកបដោយទឹកចិត្តសប្បុរស និង ចូលរួមអភិវឌ្ឍសេដ្ឋកិច្ចសង្គម នៃប្រទេសកម្ពុជាប្រកបដោយភាពវិជ្ជមាន ។ ក្នុងខែមីនា ឆ្នាំ ២០១៤ ក្រុមការងារ សង្គមណាហ្គាវើលដ៍បេះដូងសប្បុរស ត្រូវបានបង្កើតឡើងដោយបុគ្គលិកណាហ្គាវើលដ៍ ក្នុងគោលបំណងផ្តោតទៅលើសសរស្តម្ភ ៤ គឺការលើកកម្ពស់វិស័យអប់រំ ការផ្សារភ្ជាប់ជាមួយក្នុងសហគមន៍ ការអភិវឌ្ឍវិស័យកីឡា និង ការគាំពារបរិស្ថាន នៅក្នុងប្រទេសកម្ពុជា ។ បច្ចុប្បន្នមានប្រជាជនកម្ពុជាជាង ២០០,០០០ នាក់ បានទទួលផលប្រយោជន៍ពីគំនិតផ្តួចផ្តើមនេះ ។

    ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា៖ “យើងសូមសរសើរ  និង វាយតម្លៃខ្ពស់ចំពោះការឧបត្ថម្ភ និង ការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនណាហ្គាវើលដ៍ក្នុងការជួយឧបត្ថម្ភ និង គាំទ្រដល់ការអភិវឌ្ឍវិស័យអប់រំក្នុងប្រទេសកម្ពុជា និង ផ្តល់ចំណេះដឹងសង្គ្រោះជីវិតពីអគ្គីភ័យដល់សិស្សានុសិស្ស និង សហគមន៍របស់យើង” ។
    សូមបញ្ជាក់ថា ការចែកសម្ភារសិក្សា ត្រូវបានធ្វើឡើងនៅតាមទីធ្លាសាលាបឋមសិក្សាដោយមានអ្នកស្ម័គ្រចិត្តនៃក្រុមការងារសង្គមណាហ្គាវើលដ៍បេះដូងសប្បុរស ជាអ្នកជួយចែកសម្ភារសិក្សាដល់សិស្សានុសិស្ស ថ្នាក់ទី១ ដល់ទី៦ និងលើកទឹកចិត្តឲ្យពួកគេប្រឹងប្រែងរៀនសូត្រដើម្បីអនាគតភ្លឺស្វាង និង សម្រេចក្តីស្រមៃរបស់ពួកគេ ។ ណាហ្គាវើលដ៍ ក៏បានផ្តល់រង្វាន់ដល់សិស្សពូកែផងដែរ ដើម្បីឲ្យពួកគេកាន់តែខិតខំរៀនសូត្រ និងមិនបោះបង់គោលដៅជីវិតរបស់ពួកគេ ៕

    ដោយ៖ សំណាង

    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី