
ក្រុមអ្នកតវ៉ានៅក្នុងទីក្រុងហុងកុង បាននាំគ្នាសម្រុកចូលទៅក្នុងអគាររដ្ឋាភិបាលដើម្បីបំផ្លិចបំផ្លាញទ្រព្យសម្បត្តិនៅក្នុងនោះ អំឡុងពេលនៃការគម្រប់ខួប ២២ ឆ្នាំ ដែលអង់គ្លេស បានប្រគល់ហុងកុង ទៅឱ្យចិនគ្រប់គ្រងវិញកាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ ១៩៩៧ ។
បាតុករបាននាំគ្នាយករទេះដែកដើម្បីសម្រុកចូលទៅក្នុងអគារ និង វាយកម្ទេចកញ្ចក់កាលពីថ្ងៃចន្ទ កន្លងទៅ ។ ក្រុមប៉ូលិសបានប្រើប្រាស់រនាំង និង ដំបងក៏ដូចជាបាញ់ឧស្ម័នបង្ហូរទឹកភ្នែកដើម្បីបំបែកហ្វូងបាតុករ ប៉ុន្តែដោយសារពួកគេមានគ្នាជាច្រើនម៉ឺននាក់ បានធ្វើឱ្យស្ថានការណ៍កាន់តែចលាចល ។ ក្រោយកើតហេតុមេដឹកនាំហុងកុង អ្នកស្រី Carrie Lam បានធ្វើការថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការប្រើប្រាស់ហិង្សារបស់ក្រុមបាតុករមកលើអគាររដ្ឋាភិបាល ៕
ដោយ៖ សំណាង