
David Beckham ជឿថា Real Madrid មិនគួរបោះបង់ឱកាសដណ្តើមពាន Champions League ជាលើកទីបីជាប់គ្នារបស់ពួកគេទេ បើទោះបីជាពួកគេមានសំណាងមិនល្អនៅ La Liga ក៏ដោយ។
Madrid ឈ្នះពានរង្វាន់នេះបីលើកក្នុងព្រឹត្តិការណ៍នៃការប្រកួតទាំងបួនលើកចុងក្រោយ ប៉ុន្តែក្រោយពីជ័យជម្នះកាលពីរដូវកាលមុនមក ពេលនេះពួកគេកំពុងតែត្រដាបត្រដួសនៅក្នុងការប្រកួតនៅរដូវកាលនេះ ដោយឈរនៅចំណាត់ថ្នាក់ទី ៤ នៅ La Liga ហើយមាន ១៩ ពិន្ទុតាមពីក្រោយកំពូលតារាង Barcelona ។
Los Blancos (Real) នឹងប៉ះជាមួយក្លឹបយក្សរបស់បារាំង Paris Saint-Germain ក្នុងវគ្គ ១៦ ក្រុមនៅជើងទីមួយ ចំថ្ងៃបុណ្យសង្សារ (១៤ កុម្ភៈ) ក្នុងរដ្ឋធានីប្រទេសអេស្ប៉ាញ។
Beckham បាននិយាយថា៖ «វានឹងមានការលំបាកសម្រាប់ Real ពេលប៉ះជាមួយ PSG ព្រោះពេលនេះពួកគេកំពុងតែឡើងជើងខ្លាំងណាស់» នេះបើយោងតាមកាសែត Marca ។
«ដល់ពេលដែល Los Blancos ត្រូវបង្ហាញឲ្យគេបានឃើញហើយ ព្រោះពួកគេចូលចិត្តការប្រកួតប្រជែងនេះណាស់។ មើលទៅកីឡាករដែលពួកគេមានដូចជា Cristiano [Ronaldo] ទៅចុះ»។
«នេះជាពេលវេលាដែលកីឡាករឆ្នើមៗអាចបញ្ចេញសមត្ថិភាពបានដល់កម្រិតកំពូលរបស់ពួកគេ ហើយការប្រកួតនឹងកាន់តែមានភាពអស្ចារ្យ»។
Beckham ធ្លាប់បានទទួលជោគជ័យទាំងនៅ Madrid និង PSG ប៉ុន្តែអតីតកីឡាករសញ្ជាតិអង់គ្លេសរូបនេះបានឆ្លើយរបៀបការទូត នៅពេលដែលត្រូវបានគេចោទសួរថាតើគាត់នឹងគាំទ្រក្រុមមួយណានោះ។
គាត់បានបន្ថែមថា៖ «វាពិតជាលំបាកក្នុងការជ្រើសរើសណាស់ ដោយសារខ្ញុំចូលចិត្តក្លឹបទាំងពីរ ហើយពួកគេមានការប្តេជ្ញាចិត្តខ្ពស់ដូចគ្នា»។
«៤ ឆ្នាំនៅ Real ពិតជាអស្ចារ្យណាស់សម្រាប់ខ្ញុំ តែខ្ញុំមិនបានលេងនៅ PSG យូរឡើយ ប៉ុន្តែជាក់ស្តែងការឈ្នះពានលីគគឺពិតជាអស្ចារ្យណាស់។ ខ្ញុំស្រឡាញ់ក្លឹបមួយនេះ បុគ្គលិករបស់ក្លឹប ព្រមទាំងអ្នកគាំទ្រ ព្រោះពួកគេសុទ្ធតែជាមនុស្សល្អ ហើយចំពោះ Real Madrid វិញក៏ដូច្នេះដែរ»។
ដោយ៖ តារា