Spurs ទិញបានតារាឆ្នើមបារាំង Ndombele ពីក្លឹប Lyon ក្នុងតម្លៃបំបែកកំណត់ត្រារបស់ក្លឹប

7814
  • ក្លឹបមាន់ខ្នាយមាស Tottenham Hotspur បានចុះកុងត្រាទិញយកខ្សែបម្រើឆ្នើម Tanguy Ndombele ពីក្លឹប Lyon ក្នុងតម្លៃបំបែកកំណត់ត្រារបស់ក្លឹប ចំនួន ៦២,៨ លានផោន (ស្មើនឹង ៧០ លានអឺរ៉ូ) ។

    កិច្ចសន្យានេះនឹងមានសុពលភាព ៦ ឆ្នាំ ដែលបានធ្វើឱ្យកីឡាករសញ្ជាតិបារាំងវ័យ ២២ ឆ្នាំរូបនេះក្លាយជាកីឡាករដែលមានតម្លៃថ្លៃបំផុតនៅក្នុងប្រវត្តិសាស្ត្ររបស់ក្លឹប Tottenham Hotspur ដោយបានបំបែកតម្លៃផ្ទេរ ៤២ លានផោន ដែលក្លឹបបានចំណាយទៅលើកីឡាករ Davinson Sanchez បានកាលពីឆ្នាំ ២០១៧ ។

    ក្លឹបមាន់ខ្នាយមាស នឹងចំណាយ ៥៣,៨ លានផោន (ស្មើនឹង ៦០ លានអឺរ៉ូ) ជាមុន ទើបបង់ ៩ លានផោន (ស្មើនឹង ១០ លានអឺរ៉ូ) តាមក្រោយទៀត ប្រសិនបើលក្ខខណ្ឌមួយចំនួនត្រូវបានបំពេញចប់សព្វគ្រប់ ។ សមាជិកក្រុមជម្រើសជាតិបារាំងរូបនេះបានក្លាយជាកីឡាករទី ២ ហើយ ដែលក្រុមរបស់លោក Mauricio Pochettino បានទិញចូលក្នុងរដូវក្ដៅនេះ បន្ទាប់ពីបានចុះកុងត្រាទិញកីឡាករវ័យក្មេង Jack Clarke ដែលនឹងត្រូវវិលត្រឡប់ទៅកាន់ក្លឹប Leeds United វិញភ្លាមៗក្នុងកុងត្រាខ្ចីជើង ។

    សូមបញ្ជាក់ផងដែរថា Tanguy Ndombele បានផ្ទេរចូលក្លឹប Lyon ក្នុងកុងត្រាខ្ចីជើងពីក្លឹប Amiens កាលពីខែសីហា ឆ្នាំ ២០១៧ ហើយត្រូវបានទិញផ្ដាច់ជាអចិន្ត្រៃយ៍នៅ ១ ឆ្នាំក្រោយមក ។ បន្ទាប់ពីនោះគេរកបានគ្រាប់បាល់បាន ៤ គ្រាប់ និង បញ្ជូនបាល់ឱ្យមិត្តរួមក្រុមបានចំនួន ១៦ គ្រាប់ ៕

    ដោយ៖ តារា

    ប្រភព :
    foxsports
    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី