
សហភាពសូវៀត បានបង្ហោះយាន Sputnix I ទៅកាន់អវកាសដោយជោគជ័យកាលពីថ្ងៃទី ០៤ ខែតុលា ឆ្នាំ ១៩៥៧ ។ យានមួយនេះមានអង្កត់ផ្ចិត ៥៨ សង់ទីម៉ែត្រ ទម្ងន់ ៨៣.៦ គីឡូក្រាម ហើយបានប្រើពេល ៩៨ នាទីដើម្បីធ្វើដំណើរជុំវិញគន្លងរបស់ផែនដី ។
ការបង្ហោះផ្កាយរណបសិប្បនិម្មិតមួយនេះបានធ្វើឱ្យកើតមានទៅជាការអភិវឌ្ឍផ្នែកវិទ្យាសាស្ត្របច្ចេកវិទ្យាយោធា និង ប្រព័ន្ធនយោបាយថ្មី ។ ម្យ៉ាងទៀតវាក៏បង្កឱ្យកើតមាននូវព្រឹត្តិការណ៍មួយដែលមានឈ្មោះថា ការប្រកួតប្រជែងអវកាស (Space Race) រវាងសហភាពសូវៀត និង សហរដ្ឋអាមេរិក ។
Sputnix I បានផ្លាស់ប្ដូរគ្រប់យ៉ាងដោយធ្វើឱ្យពិភពលោកចាប់អារម្មណ៍ចំណេះដឹងផ្នែកអវកាស ។ ក្រៅពីនេះប្រទេសជាច្រើនមានក្ដីព្រួយបារម្ភថា សូវៀតនឹងប្រើប្រាស់បច្ចេកវិទ្យានេះក្នុងការបម្លែងឱ្យទៅជាការបង្ហោះកាំជ្រួចមីស៊ីល បាលីស្ទិក (Ballisitc) ដែលអាចផ្ទុកអាវុធនុយក្លេអ៊ែរពីអឺរ៉ុបទៅកាន់សហរដ្ឋអាមេរិក យានមួយនេះដែរក៏បានត្រួសត្រាយផ្លូវឱ្យមានការបង្ហោះយានផ្សេងៗក្នុងពិភពលោករហូតដល់ពេលបច្ចុប្បន្ន ៕
ដោយ៖ បូណា