
Zinedine Zidane បានបញ្ជាក់ថា គាត់គ្មានបញ្ហាអ្វីជាមួយ Isco ទេ ក្រោយពីមានការអះអាងពីខ្សែបម្រើរបស់ Real Madrid ដែលលើកឡើងថា គ្រូបង្វឹករបស់ខ្លួនគ្មានទំនុកចិត្តលើរូបគាត់។
កីឡាករជម្រើសជាតិអេស្ប៉ាញរូបនេះបានដើរតួយ៉ាងសំខាន់សម្រាប់ប្រទេសរបស់គាត់ក្នុងការបំបាក់អាហ្សង់ទីនយ៉ាងចាស់ដៃក្នុងលទ្ធផល ៦-១ កាលពីថ្ងៃអង្គារនេះ ដោយគាត់ស៊ុតបញ្ចូលទីបានបីគ្រាប់ ប៉ុន្តែគាត់ហាក់ដូចជាមិនសូវមានឱកាសក្នុងការបង្ហាញខ្លួនជាកីឡាករជម្រើសដំបូងក្រោមការដឹកនាំរបស់ Zidane ឡើយ។ Isco បាននិយាយបន្ទាប់ពីដណ្តើមបានជ័យជម្នះសម្រាប់ La Furia Roja (ជម្រើសជាតិអេស្ប៉ាញ) ថា គាត់ទទួលបាន “ការទុកចិត្ត” ពីគ្រូបង្វឹកក្រុមជម្រើសជាតិ Julen Lopetegui ប៉ុន្តែគាត់ប្រហែលជាមិនទាន់ទទួលបានវាពី Zidane នៅឡើយទេ។ ទោះបីជាយ៉ាងណាក៏ដោយ គ្រូបង្វឹកសញ្ជាតិបារាំងរូបនេះបានធ្វើការច្រានចោលការលើកឡើងនេះ បើទោះបីជារូបគាត់បានផ្តល់ឱកាសដល់កីឡាករវ័យ ២៥ ឆ្នាំរូបនេះឲ្យចូលលេងបានត្រឹមតែ ១៨ លើកប៉ុណ្ណោះ ចាប់តាំងពី La Liga បានចាប់ផ្តើមនៅរដូវកាលនេះ។
Zidane បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃសុក្រនេះថា៖ “ខ្ញុំមិនគិតថា ខ្ញុំជាមនុស្សអយុត្តិធម៌នោះទេ។ ខ្ញុំគិតថា គាត់អាចបកស្រាយនូវអ្វីដែលគាត់បាននិយាយបាន។ តួនាទីរបស់គាត់នៅក្រុមអេស្ប៉ាញប្រហែលជាខុសគ្នានឹងនៅទីនេះ ប៉ុន្តែគាត់ពិតជាសំខាន់ណាស់ ខ្ញុំតែងតែមានអារម្មណ៍ថាគាត់សំខាន់ណាស់សម្រាប់ក្រុមនេះ ហើយវាជារឿងធម្មតាទេដែលកីឡាករចង់មានឱកាសលេងបានច្រើននោះ”។
“ប៉ុន្តែ កិច្ចការរបស់ខ្ញុំគឺត្រូវជ្រើសរើសកីឡាករ ១១ រូបសម្រាប់ការប្រកួត។ គាត់គឺជាកីឡាករដ៏សំខាន់ម្នាក់ ហើយក៏នៅតែជាកីឡាករសំខាន់ម្នាក់ជានិច្ច។ ដូចខ្ញុំបាននិយាយអញ្ចឹង វាត្រូវមានការបកស្រាយ ប៉ុន្តែខ្ញុំគ្មានការអាក់អន់ចិត្តជាមួយ Isco ទេ។ ខ្ញុំពេញចិត្តនឹងទម្រង់លេងរបស់គាត់ណាស់ វាគឺជាការប្រកួតដ៏អស្ចារ្យ (ជាមួយនឹងអាហ្សង់ទីន) ហើយអេស្ប៉ាញក៏គួរឲ្យស្ញប់ស្ញែងផងដែរ។ Isco គឺជាកីឡាកររបស់ Real Madrid ហើយគាត់នឹងនៅទីនេះបន្តទៀត”។
“វាមិនមែនជាកំហុសរបស់គាត់ទេ។ រាល់ពេលដែលគាត់លេង Isco ខិតខំយ៉ាងខ្លាំង គាត់លេងបាន ១០០%។ ពេលខ្លះ គាត់ក៏ទទួលបានជោគជ័យ ហើយពេលខ្លះទៀតគាត់ក៏បរាជ័យ។ ខ្ញុំមិនគិតថាមានបញ្ហាជាមួយ Isco ទេ។ អ្វីដែលសំខាន់នោះគឺ ខ្ញុំមានកីឡាករ ២៥ នាក់ ហើយមានតែ ១១ នាក់ប៉ុណ្ណោះដែលអាចចូលលេងបាន។ ខ្ញុំពេញចិត្តនឹង Isco ណាស់ វាគ្មានបញ្ហានោះទេ”៕
ដោយ៖ Dara Hunii