សិក្ខាកាមកីឡាអត្តពលកម្ម ៧ រូប បន្តទៅវគ្គបណ្តុះបណ្តាលគ្រូបង្វឹកអន្តរជាតិកម្រិត២ ចំណោម ២៥ នាក់

13179
  • សិក្ខាកាមកីឡាអត្តពលកម្ម ៧ នាក់ បន្តទៅវគ្គបណ្តុះបណ្តាលគ្រូបង្វឹកអន្តរជាតិ កម្រិត ២ ក្នុងចំណោម ២៥ នាក់ ដែលទើបតែបញ្ចប់វគ្គបណ្ដុះបណ្ដាលគ្រូបង្វឹកកម្រិតអន្តរជាតិកម្រិត ១ CECS-Level 1 Course ដោយមានអ្នកជំនាញមកពី សហព័ន្ធកីឡាអត្តពលកម្មទ្វីបអាស៊ី គឺលោក Mohd Azam Abu Hashim ក្រោមការឧបត្ថម្ភថវិកា ដោយក្រសួងអប់រំយុវជន និងកីឡា ដែលចាប់ផ្ដើមកាលពីថ្ងៃទី ២៣ ខែមិថុនា កន្លងមក ។

    លោក Mohd Azam Abu Hashim ដែលជាគ្រូឧទ្ទេសមកសហព័ន្ធទ្វីបអាស៊ី មានប្រសាសន៍ថា លោកសប្បាយរីករាយ ដែលបានចែករំលែក បទពិសោធន៍ និង ចំណេះដឹង ឲ្យគ្រូបង្វឹកទាំង ២៥ រូបនាពេលនេះ ។ តាមរយៈវគ្គនេះ លោក សង្ឃឹមថា សិក្ខាកាមដែលមានសមត្ថភាពនឹងវិវត្តខ្លួនបានយ៉ាងល្អ ដើម្បីបណ្តុះបណ្តាល កីឡាករ កីឡាការិនី ប្រកបដោយគុណភាពសម្រាប់កម្ពុជា ត្រៀមស៊ីហ្គេម ឆ្នាំ ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។
    ឯកឧត្តម អ៊ុក សិទ្ធិជាតិ អគ្គនាយក នៃនាយកដ្ឋានកីឡា មានប្រសាសន៍ថា គ្រូបង្វឹក អាជ្ញាកណ្ដាល ចៅក្រម ត្រូវតែបានឆ្លងវគ្គសិក្សាត្រឹមត្រូវទើបអនុញ្ញាតឲ្យបង្ហាត់ ឬ ធ្វើជាអាជ្ញាកណ្ដាលចៅក្រម សម្រាប់ព្រឹត្តការណ៍ប្រកួតនានា អ្នកមិនបានឆ្លងកាត់វគ្គមិនអនុញ្ញាតិនោះទេ ។ ដើម្បីកសាងធនធានមនុស្សប្រកបដោយគុណភាព និង មោទនភាពសម្រាប់កម្ពុជា ឯកឧត្តម អគ្គនាយក អំពាវនាវ ឱ្យសិក្ខាកាម ដែលទើបតែបញ្ចប់វគ្គនេះ យកចំណេះដឹងទៅចែករំលែកអោយទូលំទូលាយ ដល់គ្រូបង្វឹក កីឡាករ កីឡការិនី អោយទទួលបានការហ្វឹកហាត់ត្រឹមត្រូវតាមលក្ខណៈស្តង់ដារអន្តរជាតិ ។

    សូមបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលគ្រូបង្វឹកកីឡាអត្តពលកម្ម កម្រិតអន្តរជាតិកម្រិត ១ នេះ មានសិក្ខាកាម ចូលរួមសិក្សាមានចំនួន ២៥ រូប មកពីវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា ខេត្តពោធិ៍សាត់ កំពង់ធំ សៀមរាប ស្ទឹងត្រែង កំពង់ស្ពឺ តាកែវ រាជធានីភ្នំពេញ និងខេត្តកំពង់ឆ្នាំង ។ ក្នុងចំណោមសិក្ខាកាមចំនួន ២៥ រូប មាន ៧ រូប ស្មើនឹង ២០ ភាគរយអាចបន្ត ទៅសិក្សាវគ្គជំនាញគ្រូ បង្វឹកកម្រិត ២ (Level-2) បន្តទៀត ចំណែកេ ៣៥ ភាគរយបានទទួលនិទ្ទេសល្អបង្គួរ និង ៤៥ ភាគរយបានទទួល និទ្ទេសមធ្យម ៕

    ដោយ៖ តារា

    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី