សហព័ន្ធកីឡាវ៉ូសូកម្ពុជា បានត្រៀមអត្តពលិក ៥ រូបដែលមានសក្តានុពលទៅប្រជែងស៊ីហ្គេមនៅហ្វីលីពីន

15066
  • សហព័ន្ធកីឡាវ៉ូសូកម្ពុជា ត្រៀមអត្តពលិកជម្រើសជាតិ ៥ រូប សម្រាប់ព្រឹត្តិការណ៍ កីឡា ស៊ីហ្គេម នៅប្រទេសហ្វីលីពិន ដែលនឹងចូលមកដល់ នាចុងឆ្នាំ ២០១៩ ខាងមុខ ។ នេះបើតាមការឱ្យដឹងពី លោក ម៉ៅ ចន្ថាវុធ អគ្គលេខាធិការសហព័ន្ធកីឡាវ៉ូសូ កម្ពុជានាព្រឹកមិញ នៅស្របពេលកំពុងហ្វឹកហាត់ នៅបរិវេនវិទ្យាល័យបាក់ទូក ។

    គ្រូបង្វឹកជម្រើសជាតិថ្នាល កញ្ញា ម៉ៅ ច័ន្ទសូរិយា បានឲ្យដឹកថា អត្តពលិកថ្នាល ដែលកំពុងហ្វឹកហាត់ត្រៀមនាពេលនេះ មាន ៩ រូប កីឡាការិនី ២ រូប កីឡាករ ៧ រូប ហ្វឹកហាត់ក្នុងមួយថ្ងៃ ពី ៥ ទៅ ៦ ម៉ោង ដើម្បីបង្កើនសិទ្ធផល ។ គ្រូបង្វឹកស្ត្រីរូបនេះ បានវាយតម្លៃខ្ពស់ចំពោះ កីឡាករ កីឡាការិនី មានការគោរពពេលវេលា គោរពវិន័យ មានក្រមសីលធម៌ខ្ពស់ ជាពិសេសខិតខំប្រឹងប្រែងហ្វឹកហាត់ ជាហេតុនាំឱ្យពួកគេមានការរីកចម្រើនទាំងបច្ចេកទេស និងសមត្ថភាព យ៉ាងឆាប់រហ័សគួរអោយគត់សម្គាល់ ។ ហើយចំពោះគោលបំណងសំខាន់នោះ ដើម្បីពង្រឹងសមត្ថភាព បន្សាំខ្លួន ក្នុងព្រឹត្តិការណ៍អន្តរជាតិ ដូចជា ព្រឹត្តការណ៍កីឡាស៊ីហ្គេម នៅហ្វីលីពិន ជាពិសេសស៊ីហ្គេម លើកទី ៣២ ឆ្នាំ ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។
    ដោយឡែកក្រុមកីឡាករ បានបញ្ជាក់ថា ការហ្វឹកហាត់វិញ្ញាសាសម្តែងម្នាក់ឯង វាងាយស្រួលជាង ប៉ុន្តែការហ្វឹកហាត់ជាក្រុមយើងត្រូវការសហការគ្នាទើបធ្វើបានល្អ ។

    លោក ម៉ៅ ចន្ថាវុធ អគ្គលេខាធិការសហព័ន្ធ កីឡាវ៉ូសូ កម្ពុជា បានបញ្ជាក់ថា ក្រោមការដឹកនាំរបស់ ឯកឧត្តម វ៉ា ឈូដា ប្រធានសហ័ន្ធ បានដាក់ចេញផែនការមេ ក្នុងការហ្វឹកហាត់ ដោយកំណត់ម៉ោងពេលវេលាច្បាស់លាស់ ។ លោក បន្ថែមថា កីឡាករ កីឡាករិនី ដែលបានមកហ្វឹកហាត់ នេះសិតសឹងតែបានឆ្លងកាត់ការប្រកួតថ្នាក់ជាតិ នឹងបានជ្រើសរើសផ្ទាល់សហព័ន្ធ ដើម្បីហ្វឹកហាត់ត្រៀមការប្រកួតនានា ។ លោកអគ្គលេខាធិការ សម្រាប់ ស៊ីហ្គេម លើកទី ៣០ នៅប្រទេសហ្វីលីពីន នាចុងឆ្នាំនេះ សហព័ន្ធបានត្រៀមវិញ្ញាសាដែលមានសក្កានុពល ដើម្បីប្រជែងយកមេដាយមកជូនជាតិរួចជាស្រាច ដោយលោកជឿជាក់ហ្នឹងអះអាងថា ឆ្នាំនេះយើងនឹងទទួលបានមេដាយ ព្រោះវិញ្ញាសាដាក់ឱ្យប្រកួតឆ្នាំនេះ បើកទូលាយជាងឆ្នាំមុន ។ ទាក់ទងនឹងការហ្វឹកហាត់ត្រៀមនេះដែរ ត្រូវបានលោក ម៉ៅ ចន្ថាវុធ បញ្ជាក់ថា សហព័ន្ធក៏មានបញ្ហាប្រឈមផងដែរ ដូចកង្វះសម្ភារៈហ្វឹកហាត់មួយចំនួន ដោយសារតែសំភារៈមួយចំនួនមានតម្លៃថ្លៃ តម្រូវឱ្យទិញពីប្រទេសចិន ទើបត្រូវស្តង់ដាតាមប្រភេទកីឡាមួយនេះ ។ ដូច្នេះលោក ក៏បានអំពាវនាវ ដល់សប្បុរសជន ដែលស្រលាញ់ចូលចិត្ត នឹងចង់អភិវឌ្ឍវិស័យកីឡា វ៉ូសូ នៅកម្ពុជា ឱ្យជួយជ្រៀមជ្រែងប្រភេទកីឡានេះផង ។

    សូមបញ្ជាក់ឱ្យដឹងផងដែរថា បច្ចុប្បន្នសហព័ន្ធកីឡាវ៉ូសូ មាន ២១ ក្លឹប ហើយក្លឹបចំនួន ១៦ កំពុងដំណើរការ ខណះ ៥ ក្លឹបមិនដំណើរការ និងមានកីឡាករ-កីឡាការិនី សរុបចំនួន ៦៣៨ នាក់ ៕

    ដោយ៖ តារា

    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី