Juventus គ្រោងជះលុយបំបែកកំណត់ត្រា ១២០ លានផោន នាំយក Paul Pogba ជាលើកទី២

7444
  • ក្លឹប Juventus ចាប់អារម្មណ៍ចង់បានកីឡាករ Paul Pogba ត្រលប់មកវិញ គឺខណៈពេលដែលក្លឹប Real Madrid របស់លោក Zinedine Zidane ក៏កំពុងត្រូវការខ្សែបម្រើសញ្ជាតិបារាំងរូបនេះដូចគ្នា ហើយក៏ស្របពេលដែលក្រុមរបស់លោក Ole Gunnar Solskjaer នៅមិនទាន់រកបានកីឡាករណាម្នាក់ដើម្បីជំនួសតំណែងគេនោះដែរ ។

    ប៉ុន្តែប្រសិនបើក្រុមសេះបង្កង់ Juventus ហ៊ានចំណាយដល់ ១២០ លានផោន នោះវាពិតជាតម្លៃលើសពីបំបែកកំណត់ត្រាទៅទៀត ព្រោះថាកាលពីរដូវកាលមុន Juventus បានចំណាយត្រឹមតែជិត ១០០ លានផោនលើការផ្ទេរកីឡាករ Cristiano Ronaldo ពីក្លឹប Real Madrid ប៉ុណ្ណោះ ។ មួយវិញទៀត ដំណឹងដែលថា Matthijs De Ligt ដែលជាខ្សែការពារវ័យក្មេងរបស់ក្លិប Ajax នឹងចូលរួមជាមួយក្រុម Juventus ក្នុងតម្លៃប្រមាណជាង ៧០ លានផោននោះក៏នៅតែបន្តមាន ។ ប៉ុន្តែសារព័ត៌មាន The Sunday Times ជឿជាក់ថា លោក Maurizio Sarri ពិតជាចង់ចំណាយប្រាក់ដើម្បីបានក្រុមដ៏រឹងមាំដើម្បីប្រជែងតំណែងជើងឯក Champions League ដូចដែលគាត់បានប្រជែងតំណែងក្របខ័ណ្ឌ Europa League ជាមួយក្រុមតោខៀវ Chelsea ក្នុងរដូវកាលនេះយ៉ាងដូច្នោះដែរ ។

    ភ្នាក់ងាររបស់ Paul Pogba លោក Mino Raiola គឺលើកឡើងថា កីឡាករវ័យ ២៦ ឆ្នាំរូបនេះនឹងមិនបន្តលេងឱ្យ Man Utd នៅរដូវកាលក្រោយ ដោយគេមានចេតនាចង់ចាកចេញយ៉ាងខ្លាំង ។ ប៉ុន្តែក្នុងអំឡុងពេលនេះគេនឹងប្រឹងប្រែងជាមួយក្រុមបិសាចក្រហម ក្នុងពេលប្រកួតមិត្តភាពត្រៀមបើករដូវកាលនៅប្រទេសមួយចំនួនដែលចាប់ផ្តើមពីអូស្ត្រាលី តទៅ ៕

    ដោយ៖ តារា

    ប្រភព :
    foxsports
    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី