
បើនិយាយពីប្រទេសមួយនៅតំបន់អាមេរិកឡាទីនដែលមានប្រពៃណីចូលចិត្តរាំចង្វាក់ សាំបា ហើយក្មេងប្រុសភាគច្រើនកើត មកគឺមានទេពកោសល្យលេងបាល់ទាត់ពីកំណើតនោះ អ្នកនឹងនឹកឃើញភ្លាមដល់ ក្រុមសាំបាប្រេស៊ីល។
ក្រុមសាំបាប្រេស៊ីលបានបង្កើតមុនដំបូងក្នុងឆ្នាំ ១៩១៤ ដែលមានកីឡដ្ឋានឈ្មោះ Maracana អាចផ្ទុកអ្នកទស្សនាបានរហូតដល់ ៧៨៨៣៨ នាក់។ ក្នុងនាមជាប្រទេសដែលមានប្រវត្តសាស្រ្តយ៉ាងត្រចះត្រចង់ក្នុងវិស័យបាល់ទាត់ ប្រេស៊ីលបានប្រកួតដណ្តើមពានរង្វាន់បាល់ទាត់ពិភពលោកមុនដំបូងបំផុតក្នុងឆ្នាំ ១៩៣០ រហូតមកដល់ពេលនេះ ប្រទេសដែលមកពីឡាទីនមួយនេះបានបង្ហាញខ្លួន ២១លើក មកហើយ ក្នុងនោះក៏ទទួលបាននូវលទ្ធផលមួយយ៉ាងល្អផងដែរ គឺបានគ្រងជើងឯក ៥សម័យកាល គឺនៅឆ្នាំ ១៩៥៨ ១៩៦២ ១៩៧០ ១៩៩៤ និងចុងក្រោយបំផុតគឺ ឆ្នាំ ២០០២ ដែលប្រទេសកូរ៉ខាងត្បូង និង ជប៉ុន ធ្វើជាម្ចាស់ផ្ទះរួមគ្នា។
ប្រទេសដែលមានចំណាត់ថ្នាក់ លេខ ២ ក្នង FIFA Rankings នាពេលបច្ចុប្បន្ននេះ ទើបតែទទួលបានមេដាយមាសក្នុងព្រឹត្តការណ៍កីឡាអូឡាំពិករដូវក្តៅឆ្នាំ ២០១៦ ក្នុងទឹកដីខ្លួនឯងតែម្តង។ ចាប់តាំងពីដូរគ្រូបង្វឹកដាក់លោក Tite Ero ចាប់តាំងពីឆ្នាំ ២០១៦ រហូតដល់ពេលបច្ចុប្បន្ននេះ ក្រុមដែលសម្បូរដោយ Super Star នេះមិនដែលស្គាល់ពាក្យថាចាញ់ឡើយក្នុងជំនួបប្រកួតជាលក្ខណៈផ្លូវការ ដោយស៊ុតចូលគូរប្រកួតរហូតដល់ ៣៦គ្រាប់ ហើយគូរប្រគួតស៊ុតចូលវិញតែ ៤គ្រាប់ប៉ុណ្ណោះ ជាពិសេសគឺការប្រកួតជម្រុះបាល់ទាត់ពិភពលោក ២០១៨ ដោយទទួលបានចំណាត់ថ្នាក់លេខ ១ នៅក្នុងចំណោមប្រទេសខ្លាំងៗជាច្រើនក្នុងតំបន់ឡាទីនដូចជា អាហ្សង់ទីន អ៊ុយរ៉ាហ្គាយ កូឡុំប៊ី ឈីលី អេក្វាឌ័រ ប៉ារ៉ាហ្គាយ ជាដើម ក្នុងនោះប្រទេសឈីលី គឺមិនមានវាសនាទៅកាន់ទឹកដីប្រទេសដែលសម្បូរទឹកកករុស្ស៊ីមួយនេះទេ គឺត្រូវហាលអាវត្រឹមវគ្គជម្រុះនេះតែម្តង។
ខាងក្រោមនេះជាកីឡាករជម្រើសជាតិប្រេស៊ីលដែលជាវិរៈបុរសស៊ុតបញ្ចូលទីច្រើជាងគេក្នុងប្រវត្តសាស្រ្ត៖
កីឡាករ Pele បង្ហាញខ្លួនក្នុងក្រុមជម្រើសជាតិប្រេស៊ីលបាន ៩២ប្រកួត ស៊ុតបញ្ចូលទីបាន ៧៧គ្រាប់។
កីឡាករ Ronaldo Nazario បង្ហាញខ្លួនក្នុងក្រុមជម្រើសជាតិប្រេស៊ីលបាន ៩៨ប្រកួត ស៊ុតបញ្ចូលទីបាន ៦២គ្រាប់។
កីឡាករ Romario Faria បង្ហាញខ្លួនក្នុងក្រុមជម្រើសជាតិប្រេស៊ីលបាន ៧០ប្រកួត ស៊ុតបញ្ចូលទីបាន ៥៥គ្រាប់។
កីឡាករ Neymar Jr បង្ហាញខ្លួនឲ្យជម្រើសជាតិប្រេស៊ីលបាន ៨៣ប្រកួត ស៊ុតបញ្ចូលទីបាន ៥៣គ្រាប់។
ក្នុងនោះមានតែកីឡាករ Neymar Jr ទេដែលមានឪកាសអាចបន្តរកគ្រាប់បាល់ដើម្បីបំបែកកំណត់ត្រារបស់វិរៈបុរសប្រេស៊ីលខាងលើនេះបាន។ សាកទាយទៅមើលថា តើ Neymar Jr នឹងស៊ុតបានប៉ុន្មានគ្រាប់ក្នុងព្រឹត្តការណ៍បាល់ទាត់ពិភពលោកនៅ ប្រទេសរុស្ស៊ីនាពាក់កណ្តាលឆ្នាំ ២០១៨ នេះ! តើកីឡាកររូបនេះអាចបំបែកកំណត់ត្រាវិវៈបុរសខាងលើនេះបានដែរ ឬ ទេ? ហើយតើប្រស៊ីលអាចនឹងលើកទានលើកទី ៦ បានដែរ ឬ ទេ? តើអ្នកណាខ្លះជាអ្នកគាំទ្ររបស់ក្រុមសាំបាប្រេស៊ីលមួយនេះ?
ដោយ៖ តារា