សហព័ន្ធកីឡាប៉េតង់អន្តរជាតិផ្តល់សិទ្ធិឱ្យកម្ពុជាធ្វើម្ចាស់ផ្ទះជើងឯកពិភពលោកដោយមើលឃើញពីសក្តានុពលលើកីឡាមួយនេះ

30643
  • សហព័ន្ធកីឡាប៉េតង់អន្តរជាតិផ្តល់សិទ្ធិឱ្យកម្ពុជាធ្វើម្ចាស់ផ្ទះ ជើងឯកពិភពលោក លើកទី១៧ ដោយមើលឃើញពីសក្តានុពលលើប្រភេទកីឡាមួយនេះ តាមរយៈការដណ្តើមបានឈ្នះមេដាយមាស ៣ សម័យកាលជាប់ៗគ្នា របស់វីរៈកីឡាការិនី កែ ឡេង នាខែវិច្ឆិកា ឆ្នាំ ២០១៩ នៅរាជធានីភ្នំពេញ ។

    ឯកឧត្តម ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានសហព័ន្ធកីឡា ប៊ូល និងប៉េតង់កម្ពុជា មានប្រសាសន៍ថា ជើងឯកពិភពលោកយុវជននេះ គឺផ្នែកយុវជនមាន ២ វិញ្ញា និងនារីមាន ២ វិញ្ញាសាដែរ គឺវាយយកពិន្ទុ និងវិញ្ញាសា៣នាក់ទល់ ៣ នាក់ ។ ទាក់ទងទៅនឹងកត្តាចម្បងៗនានានោះ ត្រូវបាន ឯកឧត្តម អនុប្រធានសហព័ន្ធ បញ្ជាក់ថា៖ “កន្លងមក សហព័ន្ធកីឡាប៉េតង់ អន្តរជាតិសង្គេតឃើញថា ការអភិវឌ្ឍវិស័យកីឡាប៉េតង់កម្ពុជាមានការរីកចម្រើន ដោយតាមទិដ្ឋភាពបច្ចេកទេស គឺវីរកីឡាការិនី កែ ឡេង គឺជាជ័យលាភីម្ចាស់មេដាយមាស៣ដងជាប់ៗគ្នា ដែលជាប្រវត្តិសាស្រ្តរបស់ពិភពលោក មិនដែលមានកីឡាការិនីណាឈ្នះមេដាយមាស ៣ ដងជាប់ៗគ្នានោះទេ យ៉ាងច្រើនត្រឹមដងប៉ុណ្ណោះ ។ ក្នុងកម្រិតជើងឯកពិភពលោកនេះដែរ កីឡាករ របស់កម្ពុជា ក៏ធ្លាប់ដណ្តើមបានមេដាយមាសដែរ ដូច្នេះហើយជារួមកម្ពុជាយើងទទួលបានមេដាយច្រើន ដែលធ្វើឲ្យសហព័ន្ធកីឡាប៉េតង់ពិភពលោក ផ្តល់ពានរង្វាន់កិត្តិយសជូនព្រះរាជាណាចក្រកម្ពុជា កាលពីពេលកន្លងទៅ ហើយនៅឆ្នាំ ២០១៩​នេះ សហព័ន្ធប៉េតង់អន្តរជាតិមួយនេះផ្តល់សេចក្តីទុកចិត្តឲ្យយើងរៀបចំធ្វើម្ចាស់ផ្ទះ ជើងឯកពិភពលោកតែម្តង” ។

    ឯកឧត្តម បន្តថា ក្រៅពីកត្តាសក្តានុពល កម្ពុជាមានកត្តាដ៏វិសេសមួយ គឺប្រទេសមានសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើនលើវិស័យសេដ្ឋកិច្ច សង្គម គឺជារឿងសំខាន់ៗ ដែលចាប់ផ្តើម និងជំរុញដល់វិស័យកីឡា របស់កម្ពុជាឲ្យរីកចម្រើនយ៉ាងឆាប់រហ័សបែបនេះ ។
    ឯកឧត្តម ប៊ូ ជុំសេរី បន្ថែមថា អត្ថប្រយោជន៍ ពីការធ្វើជាម្ចាស់ផ្ទះរបស់កម្ពុជា គឺទទួលបានលើផ្នែកបច្ចេកទេស ដើម្បីបង្កើនគុណភាពកាន់តែរីកចម្រើនបន្ថែម ជាពិសេសការបន្សាំខ្លួនជាមួយព្រឹត្តការណ៍លក្ខណៈអន្តរជាតិ នឹងបំផុសចលនាកីឡាប៉េតង់ឱ្យមានប្រជាប្រិយភាព ទាក់ទាញយុវជនឱ្យងាកមកលេងកីឡា និង ចូលរួមហ្វឹកហាត់វិស័យកីឡាជាតិឲ្យកាន់តែសម្បូរបែប ក្នុងដំណើរឆ្ពោះទៅស៊ីហ្គេម ឆ្នាំ ២០២៣ ដែលកម្ពុជាធ្វ់ជាម្ចាស់ផ្ទះ ។ មួយវិញទៀត ការទទួលរៀបចំម្ចាស់ផ្ទះនេះ នឹងបង្ហាញជូនបណ្តាប្រទេសនានាលើពិភពលោក នូវការរីកចម្រើនជាតិលើវិស័យកីឡា វប្បធម៌ ប្រពៃណីទំនៀមទម្លាប់របស់ជាតិផងដែរ ៕

    ដោយ៖ តារា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី